ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីនឹងរស់នៅជាមួយកូវីដ-១៩ ខណៈអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៩ខែកញ្ញាបានផ្សាយថា អូស្ត្រាលីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៦០៧នាក់ ខណៈបណ្ដារដ្ឋ និងដែនដីជាច្រើនបានចាប់ផ្ដើមរៀនរស់នៅជាមួយជំងឺដ៏កាចសាហាវមួយនេះ។
មន្ត្រីសុខាភិបាលអូស្ត្រាលី រដ្ឋ Victoria ប្រកាសថា បានរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រាថ្មីមួយដល់ទៅ ៥០៧នាក់។ ប៉ុន្តែ ព្រមពេលជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលនៃរដ្ឋ Victoria បាននិយាយថាវិធានការបិទខ្ទប់នឹងត្រូវបិទបញ្ចប់នៅពេលដែលប្រជាជនអូស្ត្រាលី ៧០ភាគរយ ដែលមានអាយុ១៦ឆ្នាំឡើងទៅបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស បើទោះជាដល់ពេលនោះមានករណីឆ្លងថ្មី ឬមិនមានក៏ដោយ។
ប្រឈមមុខនឹងបាតុកម្មតវ៉ាប្រឆាំងវិធានការបិទខ្ទប់ រដ្ឋាភិបាលអូស្ត្រាលី ជាពិសេសអាជ្ញាធរក្នុងរដ្ឋ New South Wales បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតលើការជួបជុំគ្នានៅថ្ងៃអាទិត្យនេះ ខណៈប្រជាជនក្នុងរដ្ឋមួយនេះ ៥២ភាគរយបានចាក់វ៉ាក់សាំងគ្រប់ដូស។ បើតាមគេហទំព័រ worldometer អូស្ត្រាលីបច្ចប្បន្នមានឆ្លង COVID-19 សរុប ៨៥,៦៤៨នាក់ ក្នុងនោះស្លាប់ ១,១៦២នាក់ និងជាសះស្បើយឡើងវិញ ៦៣,៣៧៨នាក់៕

ដោយ៖ធីរីណា(រូបថត៖TTXVN-VNA)


ចែករំលែក៖