ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យគាបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវ៥៨គ្រួសារ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រៃវែង1K. 7524ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ពណ៌ខៀវពាក់ស្លាកលេខតាកែវ 2A. 2004 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើងរួចបានបត់ឆ្វេងដៃជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យគាបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងតៃកុងរថយន្តយល់ព្រមសងថ្លៃការខូចខាតទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖