ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាងពិតានម្នាក់លើករន្ទាដែកដាក់លើខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមជាងដែលធ្វើការក្បែរគ្នាជួយសង្គ្រោះលើកយកមកកប់ក្នុងដីខ្សាច់ រួចដឹកយកទៅមន្ទីពេទ្យសារវ័ន្តតែអកុសលហួសពេលទៅហើយ បន្ទាប់ពីបុរសជាជាងធ្វើពិតានផ្ទះនេះលើករន្ទាដាក់លើខ្សែភ្លើងបណ្តាលឲ្យដាច់ហើយឆក់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះឡាយ មករា អាយុ៣៩ឆ្នាំ មុខរបរជាងធ្វើពិតាន រស់នៅភូមិវាយល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា ដោយមានប្រជាពលរដ្ឋ បានរាយការណ៍មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំប្រសូត្រថា មានករណីឆក់ខ្សែភ្លើងស្លាប់ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនៅត្រង់ចំណុចផ្ទះឈ្មោះ កែវ លីដា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប និងបានពិនិត្យឃើញថាជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ប្រាកដមែន។

ប្រភពពីអ្នកភូមិបានឱ្យដឹងទៀតថា មុនកើតហេតុគេឃើញបុរសខាងលើបានមកធ្វើការដូចសព្វដង ដោយបានលើករន្ទា ដើម្បីដាក់ឡើងធ្វើពិតានផ្ទះ ហើយពេលនោះគាត់បានលើករន្ទាដាក់ចំលើខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាជាងដែលធ្វើការក្បែរគ្នាជួយសង្គ្រោះលើកយកមកកប់ក្នុងខ្សាច់និងដឹកទៅមន្ទីពេទ្យសារវ័ន្តតែអកុសលហួសពេលទៅហើយ។

សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងគ្រូពេទ្យបានធ្វើតេស្តរកកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖