ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រេស៊ីលត្រូវឈរចិញ្ចើមថ្នល់ហូបភីហ្សា ដោយសារមិនទាន់បានចាក់វ៉ាក់សាំង

ចែករំលែក៖

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងទីក្រុងញូវយ៉កបានអនុម័តច្បាប់ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលទៅក្នុងហាងនោះឡើយ។ ដូច្នោះហើយបានជា ប្រធានាធិបតីប្រេស៊ីល និងក្រុមការងារឈរហូបភីហ្សានៅក្រៅហាង។

រូបភាពឈរហូបភីហ្សានៅចិញ្ចើមថ្នល់ ត្រូវបានបង្ហោះនិងចែកចាយតាមបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdullah Shahid កន្លងមកបានស្នើដល់បណ្តាគណៈប្រតិភូប្រទេសនីមួយៗមុនពេលចូលសាលប្រជុំគឺត្រូវបង្ហាញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ឬលិខិតសុខាភិបាលបញ្ជាក់អវិជ្ជមានកូវីដ-១៩។ ប៉ុន្តែក្រោយមកត្រូវបានលុបសំណើនោះវិញ។

លោក Bolsonaro គឺជាបុគ្គល ប្រឆាំងការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារតែលោកមិនជឿពីប្រសិទ្ធភាពវ៉ាក់សាំង។ ជាមួយគ្នានោះលោកជឿជាក់ថា រាងកាយលោកនៅមានអង់ទីគ័រការពារកូវីដ-១៩បានយ៉ាងល្អ ក្រោយជាសះស្បើយពីកូវីដ-១៩។

លោក Bolsonaro គឺជាបុគ្គលតែមួយគត់នៅក្នុងចំណោមមេដឹកនាំប្រទេស G20 ដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

អភិបាលក្រុងញូវយ៉ក លោក Bill de Blasio នៅថ្ងៃទី២០ខែកញ្ញា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រធានាធិបតីប្រេស៊ីល។ លោកបានបញ្ជាក់ថា «យើងបានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំទាំងអស់នៅជុំវិញពិភពលោក ក្នុងនោះមានទាំងប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ថា មនុស្សគ្រប់រូបបើចង់មកអាមេរិកគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ហើយបើមិនទាន់បានចាក់វ៉ាក់សាំងទេ សូមមេត្តាកុំមកចូលរួមកិច្ចប្រជុំ ដើម្បីសុវត្ថិភាព ដល់មនុស្សគ្រប់រូប ។

នៅថ្ងៃទី២១ ខែកញ្ញា សារព័ត៌មាន Bloomberg បានផ្សាយថា សមាជិកមួយរូបក្នុងគណៈប្រតិភូ របស់ប្រធានាធិបតី Bolsonaro ត្រូវបានធ្វើចត្តាឡីស័កក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩៕

ដោយ៖ធីរីណា(រូបថត៖Twitter)


ចែករំលែក៖