ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ បន្ថែមទៀត ចាប់ពីថ្ងៃទី២៤ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១។
រដ្ឋបាលរាជធានីភ្នំពេញសម្រេច:
ប្រការ១ …ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណះ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រការ២ …ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
– គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារា៉អូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌីន និងកាស៊ីណូ – រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសូនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា សូណា នឹងស្ចឹមគ្រប់ប្រភេទ
– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ – រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ប្រការ៣…ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា -ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របសំអាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
– ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វាំកំសាំង ការពារជំងឺកូវីដ-១៩
– ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលត្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណះ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។
ប្រការ៤ …សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣នៃសេចក្ដីសម្រេចនេះ ត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា