ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ ក្រោមអធិបតីភាព លលោកស្រី ញ៉ែម សាខន សខេង និងក្រុមគ្រួសារ រួមជាមួយ លោក លោកស្រី ជាសាច់សារលោហិត និងបាននិមន្តព្រះសង្ឃ ចំនួន១០អង្គ មកពី១០វត្ត ក្នុងស្រុកកំចាយមារ មកប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១ និងបង្សុកូល ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសល ជូនវិញ្ញាណក្ខ័ន្ឋសម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន និងញាតិការទាំង៧សណ្តាន ដែលប្រារព្ធនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី ដែលកើតពីផលទាន។
ឆ្លៀតក្នុងឱកាសនេះដែរលោក អភិបាលខេត្ត ក៍សូមអំពាវនាវនូវគ្រប់វត្តអារាមទាំងអស់ដែលរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវអនុវត្តតាមវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
ជជាថ្មីម្តងទៀតលោក អភិបាលខេត្ត សូមឧទិ្ទសកុលផលបុណ្យ ជូនដល់បងប្អូន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ទទួលបានមគ្គផលដូចៗគ្នា៕
ដោយ ៖ សិលា