ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយសណាស់ដែលបាន ជួបពិភាក្សាជាមួយសម្តេចតេជោតាមប្រព័ន្ធវីដេអូនាថ្ងៃនេះ។ ឯកឧត្តមបានសំដែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ ចាក់វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងឱកាសនេះដែរ លោកក៏បាន ស្នើសុំគោរពស្វែងយល់ពីសម្ដេចតេជោ លើករណីចំនួន៤ ដែលករណីទី១) គឺជាអាទិភាពរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស ទី២)មេរៀនដែលរៀនបានពីជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ ទី៣)ករណីពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និងទី៤)សូមគោរពស្វែងយល់អំពីសម្ដេចតេជោ នូវអ្វីដែលឯកឧត្តមគួរធ្វើដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថា ទី១)អទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផងស្របតាមអនុសញ្ញាអន្តរជាតិផង ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំង ដល់ប្រជាជនកម្ពុជាផងដែរ។ ទី២)កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសស្រាលជាស្ត្រី និងអ្នកដែលមានកូនជាដើម តាមរយៈការរៀបចំកន្លែងថ្មីជូនគាត់ ឬក៏ជូនគាត់ទៅកន្លែងថ្មីចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ។ លើសពីនេះទៅទៀត កម្ពុជាក៏មិនមើលរំលងអ្នកជាប់ទោសទាំងអស់នោះដែរ គឺកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ ដូសទី១ និងដូសទី២ ហើយថែមទាំងកំពុងត្រៀមចាក់ដូសទី៣ ទៀតផង។ ទី៣)កម្ពុជា គឺចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហរលទ្ធិប្រជាធិបតេយ្យ និងទី៤) អ្វីដៃលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) នោះគឺការបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖