ខេត្តតាកែវ៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តតាកែវ ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២នាក់ រស់នៅខេត្តតាកែវ។
១-លោកតា ហិន ទ្រី អាយុ ១០០ឆ្នាំ រស់នៅភូមិក្រាំង ឃុំស្នោ ស្រុកព្រែកប្បាស់ ខេត្តតាកែវ
២-លោកយាយ សូត្រ គិន អាយុ ១០៤ឆ្នាំ រស់នៅឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៧នាក់ (ឆ្លងសហគមន៌: ៥៣៩ និង នាំចូល: ៩៨) និងមានជាសះស្បេីយ ៤៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៥៩៨១ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៨៦៥៥នាក់ និង ស្លាប់ថ្មី ១៤នាក់ សរុបស្លាប់ ២១៥៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2366940 ស្មេីនឹង 139313 ក្នុង១លាន នាក់។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ ៖ សិលា