ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចែកឱសថបុរាណចិន ជូនដល់ប្រជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤ និងពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងយុវវ័យ នៅក្រុងសៀមរាប !

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានខេត្ត បានអញ្ជើញចែកឱសថបុរាណចិន ជូនដល់ប្រជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤ និងពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងយុវវ័យ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ បង្កើតប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ ព្រមទាំងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីការពារជំងឺកូវីដ-១៩ នូវវិធានការ ៣ការពារ ៣កុំ។

សូមរំលឹកថា, ស្ថានភាពជំងឺ កូវីដ-១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១៖
-អ្នកឆ្លងថ្មី ចំនួន ៦៣៧ នាក់
-ជាសះស្បើយ ចំនួន ៤៦៩ នាក់
-អ្នកស្លាប់ ចំនួន ១៤ នាក់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
ថ្ងៃនេះរដ្ឋបាលខេត្តសៀមតាបសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក ជាបណ្តោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែក នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបញ្ចប់ការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចថ្ងៃនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖