ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩៖ «ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» ថ្លែងពីរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ សុន្ទរកថា ថ្លែងពីរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង កិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩  “ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តបសើរ ”។

ឯកឧត្តម ចូ បៃដិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ។ ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈ ថា «មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ ។ យើងត្រូវធ្វើការរួមគ្នា, គាំទ្រគ្នា ទៅវិញទៅមក, ហើយត្រូវចងចាំថា មិនមាននណារម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព» ។ ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា : «យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាម សមត្ថភាព និង លទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និង មិនមាន បង្កប់នូវរបៀបវារៈនយោបាយ» ។ ក្នុងស្មារតីនេះ, កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុង ការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង «សេចក្តីព្រាងគោលដៅ» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូល សកលស្តីពីជំងឺកូវីដ-១៩ នេះ ។
ជាការពិត, ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ នៅបន្ត ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និង បន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ។ ជាមួយនឹង សេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើមក្នុងការដាក់ចេញនូវ «សេចក្តីព្រាងគោលដៅ», កម្ពុជាស្នើសុំឱ្យប្រទេស ចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និង ប្រាកដនិយម ។ លើសពីនេះទៀត, កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និង រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍, និន្នាការនយោបាយ និង ចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន ។ ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវ ការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភព លោក ។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និង ប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និង ប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន និង ការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង ។ ទន្ទឹមនេះ, កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិ បាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬ រក្សាវ៉ាក់សាំងដែលខ្លួនផលិត បាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។
សូមអានទាំងស្រុងនូវសុន្ទរកថា ថ្លែងពីរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង កិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ : “ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តបសើរ ”៕

ដោយ ៖ សិលា


ចែករំលែក៖