ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងកៀរដួលខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតបណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តដំណើរគេចខ្លួនបាត់ទៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករបោចរោមមាន់ បច្ចុប្បន្នស្នាក់នៅក្មុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកឡេតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CK -1932 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបញ្ច្រាសទិសគ្នាពីកើតទៅលិចមកកៀរម៉ូតូនេះបណ្តាលឲ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្តមួយគ្រឿងទៀតម៉ាកLEXUS RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA- 0607ដែលធ្វើដំណើរមកពីក្រោយរថយន្តបង្កហេតុបណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល ហើយរថយន្តបង្កបានបន្តដំណើរទៅមុខទៀតបាត់ស្រមោលទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចឃាត់ខ្លួនតៃកុងរថយន្ត LEXUS RX 400hយកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរបន្ត រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីយកមកធ្វើការដោះស្រាយតាមនីតិវិធី។
សពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និន សុភ័ស្ត