ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពលករនិងមេខ្យល់ចំនួន៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖  ពលករនិងមេខ្យល់ចំនួន៤នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ និងអង្គភាពចំណុះកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៉ិន សុជាតិ មេបញ្ជាការរងកងអនុសេនាធំល្បាតទី៤ ឃាត់ខ្លួន២ករណីបានមនុស្សចំនួន៤នាក់។

  ករណីទី១នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពេលដែលពួកពលករនិងមេខ្យល់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ដោយមានចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់ មេខ្យល់ម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1L-9370 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 

   ករណីទី២នៅវេលាម៉ោង១៥:១៥នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងបានពួនស្ទាក់ចាប់បានមេខ្យល់ដឹកអីវ៉ាន់ឲ្យពលករដែលលួចឆ្លងដែនដោយខុសច្បាប់បានម្នាក់ទៀត និងរុឺម៉កម៉ូតូ១គ្រឿងម៉ាកវ៉េវ ស៊េរីឆ្នាំ២០២០ ពណ៌  ក្រហមខ្មៅអត់មានស្លាកលេខ និងដកហូតបានវត្ថុតាង១ចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រដដែល។ 

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងមិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ខណៈកងកម្លាំងកំពុងល្បាតក៏បានជួបពលករបម្រុងលួចឆ្លងដែនដោយប្រើមធ្យោបាយជិះម៉ូតូឌុបគ្នាដល់ចំណុចខាងលើក៏ត្រូវបានកងកម្លាំងឃាត់ខ្លួនបានតែម្តង។ ក្រោយពីឃាត់ខ្លួន កងកម្លាំងយើងក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នាដើម្បីគ្រួសារ និងសង្គមជាតិ។

បច្ចុប្បន្នពកលករទាំង២នាក់ ត្រូវបានបញ្ជូនទៅឲ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ ចំពោះមេខ្យល់២នាក់ ម៉ូតូ ចំនួន១គ្រឿង និងអីវ៉ាន់របស់ពលករ អង្គភាពបានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែករុឺម៉កម៉ូតូរក្សាទុកនៅអង្គភាព៕

ដោយ៖ ស សម


ចែករំលែក៖