អតីតនាយកក្រុម McLaren លោក Martin Whitmarsh នឹងវិលត្រឡប់មកប្រណាំងរថយន្ត Formula 1 វិញនៅខែតុលាក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ថ្មីជាមួយក្រុម Aston Martin ដែលមានមូលដ្ឋាននៅទីក្រុង Silverstone។
ក្រុមដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិកាណាដាលោក Lawrence Stroll បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា Whitmarsh ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្រុម Aston Martin Performance Technologies ដែលទើបបង្កើតថ្មីដែលនឹងរួមបញ្ចូលក្រុម Formula 1។ វាក៏នឹងអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេស និងកម្មសិទ្ធិបញ្ញារបស់ក្រុមផងដែរ។
Stroll បាននិយាយថា “Aston Martin មានគោលបំណងក្លាយជាអ្នកឈ្នះជើងឯកក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ហើយវិវត្តទៅជាជំនួញ១ពាន់លានផោន (១,៣៧ពាន់លានដុល្លារ)។ យើងរីករាយនឹងអាជីពដ៏វែងឆ្ងាយជោគជ័យ និងមានកេរ្តិ៍ឈ្មោះដែលមានវិសាលភាពលើវិស័យកីឡាយានយន្ត និងថាមពលកកើតឡើងវិញ” ។
លោក Whitmarsh មានវ័យ៦៣ឆ្នាំបានធ្វើការនៅក្រុម McLaren អស់រយៈពេល២៥ឆ្នាំ ហើយជានាយកចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ ដោយបច្ចុប្បន្នម្ចាស់ជើងឯកពិភពលោកចំនួន៧ដងគឺ Lewis Hamilton បានឈ្នះពានរង្វាន់លើកដំបូងរបស់គាត់ជាមួយក្រុមដែលមានមូលដ្ឋាននៅ Woking ក្នុងឆ្នាំ២០០៨ ។
គាត់ក៏ជាប្រធានសមាគមក្រុម Formula 1 (FOTA) និងជានាយកប្រតិបត្តិនៃការប្រកួត Ben Ainslie’s America’s Cup ផងដែរ។ លោក Whitmarsh បាននិយាយថា “Lawrence មានបំណងឲ្យ មានភាពល្បីល្បាញលើក្រុម Aston Martin។ ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការបង្កើតនូវបច្ចេកវិទ្យាថ្មីរបស់ក្រុមក្រោមការសហការរបស់ក្រុមហ៊ុន Aston Martin F1 ហើយខ្ញុំពិតជារំភើបចំពោះការរំពឹងទុកក្នុងការអភិវឌ្ឍន៍ និងអនុវត្តសមត្ថភាពបច្ចេកទេស និងកម្មសិទ្ធិបញ្ញារបស់យើងប្រកបដោយជោគជ័យ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)