ព័ត៌មានទាន់ហេតុការណ៍៖

វីរុសកូវីដ-១៩ បំប្លែងថ្មីR.1 ដែលមានគ្រោះថ្នាក់ បានឆ្លងរាលដាល៤៧រដ្ឋនៅអាមេរិក

ចែករំលែក៖

តាមសារព័ត៌មាន Newsweek បានផ្សាយថា វីរុសបំប្លែងថ្មី ប្រភេទ R.1ដែលបានរកឃើញទៅលើបុគ្គលិកសុខាភិបាលនិងមណ្ឌលចាសជរានៅក្នុងរដ្ឋ Kentucky ពេលនេះបានរាលដាលដល់ ៤៧រដ្ឋហើយក្នុងទឹកដីអាមេរិក។ បុគ្គលិកសុខាភិបាលម្នាក់ដែលមិនទាន់ចាក់វ៉ាក់សាំង បានរកឃើញវីរុសបំប្លែងថ្មី R.1 តាំងពីដើមខែមីនា។
វីរុសបំប្លែងថ្មីR.1 បានរកឃើញដំបូងគេបង្អស់នៅក្នុងប្រទេសជប៉ុន ហើយវីរុសនេះអាចប្រឆាំងជាមួយវ៉ាក់សាំង ។ គិតត្រឹមថ្ងៃទី ២១ខែកញ្ញា តាមតួលេខរបស់គេហទំព័រ Outbreak.info បានបញ្ជាក់ថា មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ដល់ទៅ ១០.៥៦៧នាក់នៅជុំវិញពិភពលោក ហើយបានរកឃើញនៅក្នុង៤៧រដ្ឋរបស់អាមេរិក។
រដ្ឋ Maryland គឺជារដ្ឋដែលមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីR.1ខ្ពស់បំផុតនៅអាមេរិក ដោយមានករណីឆ្លងដល់ទៅ ៣៩៩នាក់។ គិតមកដល់ថ្ងៃទី២២ខែកញ្ញានៅទូទាំងអាមេរិក មានករណីឆ្លងវីរុសបំប្លែងថ្មីR.1 រហូតដល់ទៅ២២៥៩នាក់ ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លងសរុប ១៣៣,៦២០នាក់និងស្លាប់ ២,២២៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៣,៤០៤,៨៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩៩,៧៤៨នាក់ និងជាសះស្បើយឡើងសរុប ៣២.៩៤លាននាក់។
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៧លានដូស ក្នុងនោះប្រជាជន ២១២.២៥លាននាក់ (៦៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨២.០១លាននាក់ (៥៥.៥%) បានទទួលការចាក់គ្រប់ដូស៕

ដោយ៖ធីរីណា(រូបថត៖Reuters )


ចែករំលែក៖