ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជា វិធានការយុទ្ធសាស្រ្តគន្លឹះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍លើកឡើងថា, សម្រាប់កម្ពុជា, យើងបានឆ្លើយតបទៅនឹងវិបត្តិនេះ ដោយភាពស្វាហាប់ ជាមួយនឹងយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជា វិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយនឹងវិធានការ ៣ ទៀត រួមមាន ៖ (១).ការខិតខំទប់ស្កាត់ និង រុករកការឆ្លងឱ្យបានទាន់ពេល (២).ការពង្រឹងសមត្ថភាពព្យាបាល និង ការប្រើប្រាស់ថ្នាំព្យាបាល ប្រកបដោយស័ក្ដិសិទ្ធភាព, និង (៣).ការអនុវត្តដោយហ្មត់ចត់នូវវិធានការផ្នែករដ្ឋបាល, សុខាភិបាល និង ច្បាប់ ក៏ដូចជាការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និង គ្រប់រូប ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះ ក្នុងការ ផ្ញេីជូនក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ : ” ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ “​ ។

 សម្តេចបន្តថា, នៅក្នុងផ្នែកសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ៩ ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងធុរកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស កម្មករ-និយោជិត និង គ្រួសារ ក្រីក្រ ព្រមទាំងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ, កម្ពុជាបានក្លាយជាប្រទេស ដែលមានអាត្រាចាក់ វ៉ាក់សាំងខ្ពស់, ដែលគិតត្រឹមថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ម្សិលមុិញ នេះ, ប្រមាណ ៦៦% នៃប្រជាជនដែលមាន អាយុ ១២ ឆ្នាំឡើង បានទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ។ បន្ថែមលើនេះ, កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១, រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និង ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ។

លើមូលដ្ឋាននេះ, កម្ពុជាសម្រេចបាននូវភាពសុំសហគមន៍ជាបណ្តើរៗ ដោយអាត្រាឆ្លង, ឈឺ និង ស្លាប់ ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖