ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ចូលសមរភូមិនៅរដូវវស្សា! (២២ កញ្ញា ២០២១)។ អរគុណសន្តិភាព ដោយសារមានសន្តិភាពដោយគ្មានសង្គ្រាមនេះហេីយ ទេីបអាចផ្តល់ឱកាសពង្រឹងសន្តិភាពឱ្យកាន់តែពេញលេញទាំងផ្លូវកាយផ្លូវចិត្តតាមរយ:ការកំចាត់ចោលសំណល់ពីសង្គ្រាម!
សំណល់ពីសង្គ្រាមនេះ មិនមែនមានតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយមុខនោះ មានបញ្ហាសង្គមជាតិគ្រប់វិស័យដែលត្រូវកសាងឡេីងវិញ មានដូចជាការពង្រឹងច្បាប់នានារបស់សង្គម ជំរុញការរីកចំរេីនខាងសេដ្ឋកិច្ចជាតិនិងសង្គម ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្លាស់ប្តូរឥរិយាបថសង្គមដូចជាពីអាងអាវុធមកអាងច្បាប់ …..ជាដេីម។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានឱ្យដឹងទៀតថា មានអ្នកខ្លះនិយាយឃោសនាបងប្អូនខ្មែររស់នៅបរទេសដោយវាយប្រហារសន្តិភាពនៅមាតុភូមិខ្លួនឯងថា មានសន្តិភាពស្អីស្ងត់ឈឹងអញ្ចឹង សន្តិភាពទាល់តែមានទាំងផ្លូវកាយនិងផ្លូវចិត្ត! បេីមនុស្សភ័យខ្លាចរត់ចោលស្រុក គ្មានសិទ្ធិសេរីភាព? អ្នកនិយាយនេះគ្មានគុណធម៌និងអាចគ្មានមូលដ្ឋានយល់ដឹងច្បាស់លាស់ពីការផ្លាស់ប្តូរនិងកសាងសង្គមវប្បធម៌មួយប្រកបដោយចិរភាពឡេីយ ហេីយអាចគិតដូចពួកមេដឹកនាំប៉ុលពត ដែលរៀននៅស្រុកបារាំងដែរ ចង់ផ្លាស់ប្តូរសង្គមនិងកសាងសង្គមមួយឱ្យស្មេីភាពយ៉ាងឆាប់រហ័ស គឺកំទេចចោលអ្វីៗដែលរបស់របបមុនៗ និងសុីរួមដេករួមហ្នង! ។
មិនមែនទាល់តែមានបាតុកម្មរៀងរាល់ថ្ងៃដូចឆ្នាំ២០១៣និងដេីមឆ្នាំ២០១៤ បានហៅថាសង្គមមួយមានសន្តិភាពមែន? ! បាតុកម្មបានដុតបំផ្លាញ វាយកំទេច ប្រេីអំពេីហឹង្សា ជេរប្រមាថ និងហៀបធ្លាក់ចូលចលាចលសង្គមជាថ្មី! ។
លោក ហេង រតនា បានសង្កត់ធ្ងន់ថា ចូលយល់ថាសន្តិភាពគឺគ្មានសង្គ្រាមបង្ហូរឈាម ដែលសន្តិភាពនេះបេីកឱកាសសំរាប់គ្រប់ៗគ្នាអាចរួមគ្នាសន្សំពេលវេលាពង្រឹងសន្តិភាពយូរអង្វែងតទៅ ដោយការខិតខំកសាងសេចក្តីសុខសុវត្ថិភាព ពង្រឹងច្បាប់និងសណ្តាប់ធ្នាប់សង្គម ឱ្យក្លាយជាសង្គមមួយមានវិន័យ សេចក្តីថ្លៃថ្នូរ សុីវីល័យនិងរីកចំរេីនតាមបែបសង្គមវប្បធម៌ខែ្មរ! ដូចនេះសន្តិភាពផ្លូវកាយ សន្តិភាពផ្លូវចិត្ត ហេីយអ្វីៗគ្រប់យ៉ាងរបស់សង្គមអាចបន្តរីកចំរេីននិងគង់វង្សតទៅសំរាប់មនុស្សជំនាន់ក្រោយៗទៀត! ៕
ដោយ៖សហការី