ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាពចំនួន ៤១៥គ្រួសារ នៅសង្កាត់បឹងទំពន់១ លោកឧត្តមសេនីយ៍ឯក ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានឆ្លៀតពេលដេីម្បីសំណេះសំណាលជាមួយក្រុមការងារយុវជន និងបានផ្តល់ជាថវិកាក្នុងម្នាក់ ១០មុឺនរៀល ។ នេះបេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោក ស ថេត បានបញ្ជាក់នៅព្រឹកថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោកប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវតែចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋទទួលយកយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អ ទប់ស្កាត់រាល់បទល្មេីសកុំឱ្យកេីតមានឡេីង ជាពិសេសត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អទាំងសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ម្យ៉ាងវិញទៀតក្រុមការងារត្រូវតែពិនិត្យស្រង់ និងរៀបចំឡេីងវិញដេីម្បីធ្វេីស្លាកគណបក្សថ្មីទាំងអស់ និងត្រូវអនុវត្តឱ្យបានល្អនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ។
ជាកិច្ចបញ្ចប់លោកប្រធាន ក៏បានណែនាំមន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែមានផែនការចេញល្បាតជាប្រចាំ ជាពិសេសតំបន់ប្រឈម ផ្ទះប្រជាពលរដ្ឋចាក់សោរចោល និងល្បាតឱ្យបានទៀងទាត់នៅពេលយប់ ដេីម្បីបង្ការទប់ស្កាត់បទល្មេីសគាស់ផ្ទះ លួច ឆក់ ប្លន់…..៕
ដោយ៖សហការី