ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបន្តកំណត់សម្រេច : ត្រូវបានបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិន ឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ខ្លឹមសារបទប្បញ្ញត្តិនៃសេចក្តីសម្រេចលេខ ១៦១/២១ ស.ស.រ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវមានអនុភាព អនុវត្តបន្តរហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស។ 

បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ បទប្បញ្ញត្តិទាំងឡាយណាដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាលនៃគណៈអភិបាលស្រុកជីក្រែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមេឃុំជីក្រែង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖