ខេត្តសៀមរាប ៖ កម្លាំងប្រចាំការគោលដៅបិទខ្ទប់ ត្រង់ចំណុចភ្លើងស្តុបចុងកៅស៊ូ បានត្រួតពិនិត្យរថយន្តឈ្នួលមួយគ្រឿង ធ្វើដំណើរពីទិសខាងលិច ទៅខាងកើត ហើយបានឃាត់ជនបរទេសចំនួន០២នាក់ មានលិខិតឆ្លងដែន តែគ្មានប្រថាប់ត្រាច្រកទ្វារ ។
ការឃាត់ជនបរទេស២នាក់នេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៣ អធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងលើ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងថា ជនបរទេសទាំងពីរនាក់នេះមានឈ្មោះ ១-ឈ្មោះ CHAIKHAMWANG EKARIN ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៨៧ ជនជាតិថៃ និងឈ្មោះ PANYA SIRIRANYA ភេទស្រី កើតថ្ងៃទី១២-០៧-១៩៩៧ ជនជាតិថៃ ។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញឲ្យដឹងថា ជនបរទេសទាំងពីរនាក់នេះបានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែមិនបានប្រថាប់ត្រាពីសមត្ថកិច្ចប្រចាំច្រកទ្វារ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងក្រុងប៉ោយប៉ែត។ បន្ទាប់មកដោយសារបញ្ហាកូវីដ-១៩ ច្រកទ្វារព្រំដែនត្រូវបានបិទ ពួកគេក៏បន្តស្នាក់នៅសណ្ឋាគារ ហាក់ ហួត ក្នុងក្រុងប៉ោយប៉ែត និងដើរលេងជាច្រើនកន្លែង រហូតជ្រុះបាត់លិខិតឆ្លងដែនដោយមិនដឹងថាបាត់នៅកន្លែងណា ។
ប្រភពដដែលបន្តថា បន្ទាប់មកទៀត នាអំឡុងដើមខែកញ្ញា ឆ្នាំ២០២១ ពួកគេបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យជួយធ្វើលិខិតឆ្លងដែនថ្មី ដើម្បីបានវិលត្រឡប់ទៅប្រទេសវិញ។ លុះនៅវេលាម៉ោង ០១អធ្រាត្រចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពួកគេបានហៅរថយន្តឈ្នួលមួយគ្រឿងធ្វើដំណើរទៅរាជធានីភ្នំពេញ ជួបស្ថានទូតថៃ ស្នើសុំជួយសម្របសម្រួលវិលត្រឡប់ទៅប្រទេសថៃវិញ តែពេលធ្វើដំណើរមកដល់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ សួរនាំ ឃើញថា មិនមានប្រថាប់ត្រាច្រកទ្វារ ក៏បានឃាត់ខ្លួននិងបញ្ជូនទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩តែម្តង(លទ្ធផលអវិជ្ជមាន) ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា លោកបានស្នើសុំអនុញ្ញាតគោលការណ៍ពីនាយឧត្តមសេនីយ៍អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់បញ្ជូនជនបរទេសទាំងពីរនាក់នេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា