ខេត្តឧត្តរមានជ័យ៖ បរិមាណទឹកភ្លៀង ធ្លាក់ប៉ុន្មានថ្ងៃ ជាប់ៗគ្នានេះ នៅតាមបណ្តាអាងស្តុក រក្សាប្រភពទឹក ចំនួន ៥ ទីតាំង នៅខេត្តឧត្តរមានជ័យ មានប្រភពទឹក ឡើងជិតដល់ កម្រិតប្រកាស ឲ្យមានការប្រុងប្រយ័ត្ន។
នេះបើតាមការឲ្យដឹងពីមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ កាលពីម្សិលមិញនេះ។
មន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមប្រាប់ថា គិតត្រឹមល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បរិមាណទឹកភ្លៀង ធ្លាក់កម្រិតខ្សោយ តែកម្ពស់ទឹក ក្នុងអាងស្តុករក្សាប្រភពទឹក ចំនួន ៥ ទីតាំង ស្ថិតនៅភូមិសាស្ត្រ ក្រុង ស្រុក ចំនួន ៣ មានកម្រិតទឹក ឡើងជិតដល់កម្រិត ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ។ ប៉ុន្តែដោយសារ សមត្ថភាព រំដោះទឹករបស់ សំណង់បង្ហៀរ និងសំណង់ទ្វារទឹក បានបង្ហូរទឹកចេញលឿន (តំបន់អាងទឹកខ្លះ បានស្រកហើយ)។
កម្រិតអាងស្តុក រក្សាប្រភពទឹក ទាំង ៥ នៅមានកម្ពស់ទឹក ប្រកាសឲ្យ មានការប្រុងប្រយ័ត្ន គឺ ៖
១-អាងទឹក ០៥(សូន្យប្រាំ) ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំង ប្រាសាទ ទឹកមានកម្ពស់ ១,៦៥ ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ ម៉ែត្រ។
២-អាងទឹកតាម៉ុក ស្ថិតក្នុងឃុំ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៤ ម៉ែត្រ កម្ពស់ឲ្យមាន ការប្រុងប្រយ័ត្ន ៣,៨០ ម៉ែត្រ។
៣-អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ ម៉ែត្រកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៥០ ម៉ែត្រ។
៤-អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ ម៉ែត្រកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣៩,៩០ ម៉ែត្រ។
៥-អាងទឹកស្រែង១ ស្ថិតនៅឃុំ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ ម៉ែត្រ ខណ:កម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្ន ២៧,០០ ម៉ែត្រ ៕
ដោយ ៖ ប្រាថ្នា