ភ្នំពេញ៖ ការដ្ឋានសំណង់អគារដ៏ធំមួយកន្លែងស្ថិតនៅលើផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ជាប់នឹងសាលាខណ្ឌទួលគោកតែម្តង បានយកផ្លូវសាធារណៈជាងពាក់កណ្តាលធ្វើជាកន្លែងចាក់បេតុងបង្កផលលំបាកដល់អ្នកដំណើរ និងការហ៊ុមព័ទ្ធការដ្ឋានមិនត្រឹមត្រូវតាមលិខិតអនុញ្ញាត, យកផ្លូវសាធារណៈដាក់ថ្ម ខ្សាច់ ដែក គ្មានសណ្តាប់ធ្នាប់, ខ្សែរ៉តយោងសម្រាប់លើកដែក ថ្ម ខ្សាច់ ដាក់ចំពីលើផ្លូវសាធារណៈដែលអាចបង្កហានិភ័យខ្ពស់បំផុត ដែលគ្រោះថ្នាក់អាចនឹងកើតឡើងជាយថាហេតុណាមួយ ប្រសិនបើជ្រុះធ្លាក់ដែក ថ្ម ឬដាច់នេះជាដើម។
បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា សំណង់នេះសង់កម្ពស់ ២៨ជាន់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែគ្រាន់តែការសាងសង់គឺយកផ្លូវសាធារណៈស្ទើរតែទាំងស្រុងសម្រាប់ធ្វើជាទីតាំងដំណើរការរបស់ខ្លួន ប៉ះពាល់ផលប្រយោជន៍សាធារណៈរួមរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមិនបានគិតគូរសោះ ។
ប្រជាពលរដ្ឋបានលើកឡើងថា ការដ្ឋាននេះនៅមិនឆ្ងាយពីសាលាខណ្ឌទេ គឺស្ថិតនៅជាប់សាលាខណ្ឌតែម្តង គួរណាស់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសលោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មេត្តាជួយពិនិត្យរៀបចំសណ្តាប់ធ្នាប់ឱ្យបានត្រឹមត្រូវផង។
សូមជម្រាបជូនថា កន្លងមកការដ្ឋានសាងសង់ដែលគ្មានការហ៊ុមព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវ ការយកផ្លូវសាធារណៈជាកន្លែងដាក់សម្ភារបម្រើឱ្យការងារសំណង់ គឺលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាឱ្យផ្អាកដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាត។ ដោយឡែកសំណង់ខាងលើនេះ តើអភិបាលខណ្ឌទួលគោក លោក ជា ពិសី ដែលទើបមកកាន់តំណែងថ្មី មានវិធានការដែរឬមួយយ៉ាងណា ?
ពាក់ព័ន្ធករណីសំណង់ខាងលើយកផ្លូវសាធារណៈធ្វើជាកន្លែងដាក់ដែក ថ្ម ខ្សាច់ ដាក់ឡានចាក់បេតុង ដោយគ្មានសណ្តាប់ធ្នាប់នោះ លោក ភក្ត្រា ជាមេការសំណង់ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ថា លោកទទួលស្គាល់លើបញ្ហានេះមែន តែចំពោះការរៀបចំឱ្យបានល្អ ឬបញ្ចៀសការប៉ះពាល់ផ្លូវសាធារណៈ លោកអះអាងថា ចាំលោកសួរមេធំរបស់គាត់សិន ។
ដោយឡែក លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មិនអាចទំនាក់ទំនងបាន ដោយសារទូរស័ព្ទចូលហើយគ្មានអ្នកទទួល ៕
ដោយ៖ សុខ ខេមរា