ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេស គឺការចុះផ្សាយមានលក្ខណ:ប្រមាទមកលេីមន្ត្រីអនុវត្តច្បាប់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ហ្វេសប៊ុកផេកដែលមានឈ្មោះ The Cambodia Daily Khmer បានធ្វេីការចុះផ្សាយដែលមានខ្លឹមសារថា “មន្រ្តីរាជការថ្នាក់ទាប និងសាធារណៈជន សម្តែងការហួសចិត្ត កាលបើពិនិត្យឃើញថា សកម្មភាពរបស់សមត្ថកិច្ចនគរបាល ដែលដាក់ ពង្រាយ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក ឲ្យមានប្រសិទ្ធភាព” ។
ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយខុសពីការពិត ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ ។ ចំពោះករណីចោទប្រកាន់ខាងលេីនេះ គឺមានគោលបំណងអាក្រក់ វាយប្រហារមកលេីកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ជាពិសេសមានបំណងទុច្ចរិតក្នុងការបង្ខូចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។ ជាក់ស្តែងមន្ត្រីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានាបានយ៉ាងត្រឹមត្រូវ ពាក់ព័ន្ធជាមួយការងារចរាចរណ៍ រួមមាន ៖
– ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
– សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
– សេចក្តីសម្រេចរបស់អនុគណៈកម្មាការទី២ (គ.ស.ច.គ)
– សេចក្តីណែនាំលេខ ០០៥ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
– ផែនការលេខ ០៣៩ ផ.ក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
– សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
– និងបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំ
ក្នុងការចុះត្រួតពិនិត្យអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ និងបានធ្វើការអប់រំណែនាំដល់មន្រ្តីក្រោមឱវាទ ឲ្យអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រួលមិនឲ្យមាន ការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ លុបបំបាត់បទល្មើសផ្សេងៗនៅលើដងផ្លូវ ជាពិសេសអប់រំណែនាំប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ ឲ្យគោរពច្បាប់ ជាជាងខ្លាចប៉ូលិស ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការបំពេញមុខងារភារកិច្ចរបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក គឺទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទៅវិញទេ ដែលក្នុងនោះរួមមាន ៖
– កាត់បន្ថយការកកស្ទះនៅក្នុងរាជធានីភ្នំពេញ
– កាត់បន្ថយបទល្មើសចរាចរណ៍ផ្សេងៗ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ (ធ្វើឲ្យមានសណ្តាប់ធ្នាប់នៅលើទ្រូងផ្លូវ)
– កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយចំនួនអ្នករបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ( ត្រួតពិនិត្យជាតិស្រវឹងពេលយប់)
– កាត់បន្ថយបទល្មើសផ្សេងៗ (ឆក់, ប្លន់) និងកាត់បន្ថយភាពអនាធិបតេយ្យនៅលើទ្រូងផ្លូវ (ហាមមិនឲ្យរ៉ឺម៉កលក់ដូរ និងរថយន្តដឹកទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញ)
– ធ្វើការអប់រំជាប្រចាំដល់អ្នកបើកបរតាមផ្លូវ គ្រឹះស្ថានសិក្សា ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ ។
ទន្ទឹមនឹងទទួលបានលទ្ធផលការងារខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមានក្រុមការងារអនុវត្តវិន័យ តែងតែធ្វើការអប់រំ ណែនាំ ដាក់ពិន័យ និងដកបញ្ឈរជើង ចំពោះមន្រ្តីណា ប្រព្រឹត្តផ្ទុយពីគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលកំណត់ឲ្យអនុវត្តតែចំនួន ០៧ចំណុច សម្រាប់ទោចក្រយានយន្ត និង ០៩ចំណុច សម្រាប់រថយន្ត ឬទទួលបានរូបភាព វីដេអូ អសកម្ម ពីក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬការបញ្ចេញមតិ (Comment) ផ្សេងៗ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធជាមួយការងារចរាចរណ៍ ។
បន្ថែមពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងនាមជាសារព័ត៌មានអន្តរជាតិមួយ សូមចូលរួមគោរពវិជ្ជាជីវ:ឱ្យបានត្រឹមត្រូវ ជៀសវាងការយកព័ត៌មានមិនពិត ដែលគ្មានប្រភពច្បាស់លាស់ មកចុះផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ មិនមានក្រមសីលធម៌វិជ្ជាជីវ:ច្បាស់លាស់ មូលបង្កាច់មានចរិកលំអៀងដេីម្បីផលប្រយោជន៍នយោបាយ ជាពិសេសក្នុងគោលបំណងអាក្រក់ដេីម្បីបង្ខូចកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ៕
ដោយ៖សហការី