ភ្នំពេញ ៖ សូមបញ្ជាក់ថា, បើយោងតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ-១៩ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា, វ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូសនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃស្អែកទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម។
នៅព្រឹកថ្ងៃស្អែក លោកនិងក្រុមការងារនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីប្រគល់វ់ាក់សាំងជូនថ្នាក់ដឹកនាំរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ នេះបើយោងតាម លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេសថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកបន្តថា, ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវខាងលើនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។
សូមរំលឹកថា, កម្ពុជាមានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ស្ថានភាពជំងឺ កូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១៖
-អ្នកឆ្លងថ្មី ចំនួន ៨៣៩ នាក់
-ជាសះស្បើយ ចំនួន ៥៣០ នាក់
-អ្នកស្លាប់ ចំនួន ១៨ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ៕
ដោយ ៖ សិលា