ក្រុមញញួរធំ West Ham United បានទទួលជ័យជម្នះ២លើកក្នុងចំណោមការប្រកួត២ក្នុងក្របខ័ណ្ឌ Europa League បន្ទាប់ពីគ្រាប់បាល់បញ្ចូលទី២គ្រាប់ដោយកីឡាករ Declan Rice និងកីឡាករ Said Benrahma បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមភ្ញៀវ Rapid Vienna ខណៈដែលក្រុម Leicester City បានរងបរាជ័យ ១-០ នៅលើទឹកដី Legia Warsaw កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមកំពូលតារាងលីគកំពូលអុីតាលី Napoli បានបរាជ័យក្រោមថ្វីជើងក្រុម Spartak Moscow ក្នុងលទ្ធផល ៣-២ ហើយក្រុមម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុបឆ្នាំ១៩៦៧ Celtic បានចាញ់ក្រុម Bayer Leverkusen យ៉ាងស្ពឹកមុខក្នុងលទ្ធផល ៤-០ ។
ក្រុម West Ham បានទទួលជ័យជម្នះជាលើកទី២ ក្នុងការប្រកួតក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុប ដោយខ្សែបម្រើសញ្ជាតិអង់គ្លេស Rice រកបាន១គ្រាប់ដំបូងពីការបញ្ជូនបាល់របស់កីឡាករ Michail Antonio នៅនាទីទី២៩ ហើយកីឡាករ Benrahma បានរកគ្រាប់បាល់ទី២នៅម៉ោងបន្ថែមនាទីទី៩០+៤។
លទ្ធផលនេះបានធ្វើឱ្យក្រុមញញួរធំស្ថិតនៅលើកំពូលតារាងនៃពូល H ដោយមាន៦ពិន្ទុនាំមុខ៣ពិន្ទុលើក្រុមលេខ២ Dinamo Zagreb ដែលបានផ្តួលក្រុម Genk ៣-០ នៅក្រៅដីដោយការស៊ុតបញ្ចូលទី២គ្រាប់ពីខ្សែប្រយុទ្ធ Bruno Petkovic ។
ចំណែកក្រុម Legia បានបន្តនាំមុខក្រុមក្នុងពូល C ដ៏គួរឱ្យភ្ញាក់ផ្អើលដោយមាន៦ពិន្ទុបន្ទាប់ពីគ្រាប់បាល់របស់កីឡាករ Mahir Emreli បានធ្វើឱ្យក្រុម Leicester បរាជ័យនៅក្រៅទឹកដី ដោយ២ប្រកួតកន្លងមកក្នុងវគ្គជម្រុះតាមពូលគឺមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ។
ដោយឡែកក្រុម Spartak ដែលមាន៣ពិន្ទុបានវាយបកតាមពីក្រោយវិញក្រោយរយៈពេល១១វិនាទីនៅពេលដែលមានកំហុសយ៉ាងខ្លាំងដោយអ្នកចាំទី Aleksandr Maksimenko បានអនុញ្ញាតឱ្យកីឡាករ EljifElmas របស់ក្រុម Napoli នាំមុខ១គ្រាប់។ ប៉ុន្តែត្រូវបានក្រុម Spartakរកបាន៣គ្រាប់បន្ថែមវិញក្រោយពីកីឡាកររបស់ក្រុម Napoli ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមនៅនាទីទី៣០ ហើយនៅចុងម៉ោងកីឡាករ Quincy Promes រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Spartak យកឈ្នះ Napoli ៣ទល់២ ។
លទ្ធផលនេះធ្វើឲ្យ Napoli មានតែ១ពិន្ទុប៉ុណ្ណោះក្នុង២ប្រកួត(ចាញ់១ ស្មើ១) ខណៈដែលក្រុម Legia បន្តឈរកំពូលតារាងក្នុងពូល C មាន៦ពិន្ទុ និងលេខ២ក្រុម Spartak មាន៣ពិន្ទុក្នុង២ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)