ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កែប​ ៖ ស្នាដៃ កេរដំណែល ដែលមនុស្សចាស់បន្សល់ទុកគឺជាមេរៀនបទពិសោធន៍ដ៏ល្អ សម្រាប់កូនចៅជំនាន់ក្រោយសិក្សារៀនសូត្រ និងយកគំរូតាម

ចែករំលែក៖

ខេត្ត​កែប​៖​ ក្នុងឱកាសដឹកនាំមន្ត្រីរាជការខេត្តកែប ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចំនួនបីរូប គឺព្រឹទ្ធាចារ្យ អាន ហេ អតីតអភិបាលរងទីមួយក្រុងកែប , ព្រឹទ្ធាចារ្យ នេត ហួន អតីតអភិបារងទីបីក្រុងកែប , ព្រឹទ្ធាចារ្យ នុត លន អតីតប្រធានសាខាពន្ធដាក្រុងកែប នៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ទាំងបី នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ​ លោក សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងលោក​ សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានសំដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណចំពោះ ព្រឹទ្ធាចារ្យ ទាំងបីរូប ដែលបានបង្កើតធនធាន ស្នាដៃ ដ៏មានសារៈប្រយោជន៍ និងជាគម្រូដ៏ល្អ  ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ មេរៀន និងបទពិសោធន៍ដឹកនាំ យ៉ាងច្រើនដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តកែប​ ក៏ដូចជា សម្រាប់មនុស្សជំនាន់ក្រោយ។ 

នាឱកាសនោះ​ លោកអភិបាលខេត្ត្ត​ ដំកល់ទុកថា មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យ​បានរីកចម្រើនផងដែរ។ លោកអភិបាលខេត្ត​ ក៏បានបញ្ជាក់ទៀតថា ពេលនេះជារដូវភ្ជុំបិណ្ឌ ជាប្រពៃណីដែល កូនចៅជំនាន់ក្រោយ របស់យេីងផ្តោតការយកចិត្តទុកដាក់តមស្នងសងគុណចំពោះ​ មាតាបីតា ជីដូនជីតា ក៏ដូចជាគ្រូបាធ្យាយ ហើយព្រឹទ្ធាចារ្យទាំងបី ចាត់ទុកដូច ជីដូនជីតា សម្រាប់មន្ត្រីរាជការខេត្តកែប ដែល តែងអប់រំទូន្មាន តម្រងទិស បង្ហាញផ្លូវ ក្នុងការអនុវត្តការងារដឹកនាំខេត្តកែប​ ឆ្ពោះទៅរកការរីកចំរើនថែមទៀត ហើយការយកចិត្តទុកដាក់ប្រត្តិបត្តិចំពោះចាស់ព្រឹទ្ធាចារ្យ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកែប​ នាឱកាសពេលនេះ ក៏ជាគម្រូល្អមួយ សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត និងជាប្រពៃណីដ៏ផូរផង និងការលើកកម្ពស់សីលធម៌សង្គមយើង អោយកាន់តែថ្កើនថ្កាលថែមទៀត។ 

គួរបញ្ជាក់ថា​ ក្រោយពីជូននូវវត្ថុអនុស្សាវរីយ៍​ និងថវិកាមួយចំនួន ជូនដល់ព្រឹទ្ធាចារ្យទាំងបីរូប នាឱកាសនោះ​​ លោកប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងលោកអភិបាលខេត្ត ក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក តាមជួយផ្តល់ពរជ័យ សូមព្រឹទ្ធាទាំងបីរូប មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីប្រទីបបំភ្លឺផ្លូវ និងជាស្រែបុណ្យសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ​៖សហការី​


ចែករំលែក៖