ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១នេះថា៖ ដោយអនុវត្តតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមរៀបចំចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
ប្រភពដដែល បន្តថា ការត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍សុវត្ថិភាព នាថ្ងៃទី០១ ខែតុលាម្សិលមិញនេះ តាមប្រព័ន្ធវីដេអូពីចម្ងាយ។
បេីតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំ «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ក៏ស្របទៅនឹងយុទ្ធសាស្ត្រត្រៀមរៀបចំបើកទទួលទេសចរណ៍សុវត្ថិភាព (ចាកវ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះផងដែរ។
ដោយឡែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថានឹងខិតខំជំរុញការអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រិត្តិការណ៍ទាំងពីរខាងលើ ក៏ដូចជាដល់ការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខនេះ។
លោកអភិបាលខេត្ត ក៏បានស្នើជំរុញឱ្យមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ចូលរួមបណ្ដុះបណ្ដាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេង ពិសេសគឺដើម្បីឱ្យពួកគាត់ចូលរួមអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនេះ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានសង្កត់ធ្ងន់ថា៖ ការរៀបចំត្រៀមខ្លួនទាំងអស់នេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណសម្បត្តិឆ្លើយតបនឹងការបើកទទួលទេសចរណ៍សុវត្ថិភាព និងបៃតងឡើងវិញ។ ទាំងនេះក៏ជាការប្រកួតប្រជែង ការដាក់ចេញវិធានការសុវត្ថិភាពគឺជាកត្តាចម្បង។ លោកថា «ប្រសិនបើធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរថា ការជ្រើសរើសយកក្រុងព្រះសីហនុ ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ធំៗទាំងពីរនេះ ដោយហេតុថា ខេត្តនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរបរទេសផ្ទៃក្នុង ក៏បានប្រព្រឹត្តទៅលើសផែនការទៅទៀត គឺពិតជាប្រសើរខ្លាំងណាស់។
គួរបញ្ជាក់ថា ត្រង់ចំណុចនេះដែរ លោក គួច ចំរើន ក៏បានអះអាងថា៖ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកដល់ពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសផ្ទៃក្នុងដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងលើសផែនការ គឺរហូតដល់ ១០០.៣០% នៃប្រជាពលរដ្ឋសរុបក្នុងខេត្តឯណោះ ក្នុងនោះមានទាំងព្រលរដ្ឋដែលរស់នៅក្នុងខេត្ត ជនបរទេសដែលស្នាក់នៅក្នុងខេត្ត ព្រមទាំងពលរដ្ឋនៅក្រៅខេត្តមួយចំនួនផងដែរ៕
ដោយ៖សហការី