ខេត្តបាត់ដំបង៖ មានយុវជនម្នាក់ស្លាប់ដោយសារតែដើរទៅរកត្រីជាមួយមិត្តភក្តិតាមវាលស្រែ ហើយមិនប្រុងប្រយ័ត្នក៏ផុងជើងចូលលូរងរបួសរហូតដល់សន្លប់ រួចក៏ធ្លាក់ទៅក្នុងលូបន្តទៀតបោកក្បាលនឹងថ្មឈ្លក់ទឹកស្លាប់ម្តង។
មន្ត្រីនគរបាលមូលដ្ឋានប៉ុស្តិ៍កំពង់ល្ពៅ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២១ នៅចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ក្រើល ហៅប្រិមប្រីយ៍ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ -ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិបានដើររកត្រីនៅតាមវាលស្រែ ហើយមិនបានមើលគ្រប់ជ្រុងជ្រោយក៏ដើរធ្លាក់ចូលក្នុងលូទឹកបណ្តាលឲ្យបោកក្បាលពេញទំហឹងទៅលើលូបណ្តាលឲ្យសន្លប់ រួចធ្លាក់ចូលទឹកក្នុងលូមួយសាទៀតបណ្តាលឱ្យស្លាប់តែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញប៉ុស្តិ៍កំពង់ល្ពៅ បានចុះដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពបង្ហាញថា យុវជនរងគ្រោះពិតជាបានផុងជើងចូលលូបោកក្បាលរងរបួសរហូតដល់សន្លប់រួចពេលដឹងខ្លួនងើបឡើងក៏ធ្លាក់ចូលក្នុងលូលង់ទឹកស្លាប់តែម្តង។
ក្រោយពីកម្លាំងសមត្តកិច្ចជំនាញពិនិត្យរួចក៏បានប្រគល់សពយុវជននោះទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស សារ៉េត