ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះ គ.ប.ផ.ក. ទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ម្សិលមិញ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ៕
ដោយ៖ សិលា