ខេត្តកំពង់ឆ្នាំង៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រោយពីបានជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កសម្លេង ផ្ទុះ ភ្ញាក់ផ្អើល និង ភ័យខ្លាច នៅតាមដងផ្លូវសាធារណ: ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ស្រុករលាប្អៀរ រហូតដល់ចំណុចសួនសម្ដេចចៅហ្វាវាំងគង់ សំអុល ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ
១. ថា ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
២. ម៉ក់ តេង ឧត្ដម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
៣. ភី សៃហៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។
៤. ម៉ន ប៊ុនថេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច ចាប់យកវត្ថុតាងបានផាវប្រភេទគ្រាប់បែក ចំនួន៣៦គ្រាប់ ម៉ូតូចំនួន២គ្រឿង ដែកកេះចំនួន២ កាបូបដាក់ផាវចំនួន១ ។
ក្រោយពេលឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី ៕
ដោយ៖ ចន្ថា