ខេត្តកំពង់ស្ពឺ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះ ស្ថិតក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ ជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។
លោកស្រីក៏បានផ្តាំផ្ញើរដល់ លោកតាជី លោកយាយជី ត្រូវចេះថែរក្សាអនាម័យនៅក្នុងបរិវេណវត្ត ថែរក្សាសុខភាព ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ៣កុំ ដើម្បីទប់ស្កាត់ក្នុងការឆ្លងចូលក្នុងសហគមន៍ និងត្រូវចេះរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ដែលជាមរតករបស់ដូនតាយើងក្នុងតំបន់នេះឲ្យបានគង់វង្សជានិច្ចនិរន្ត។
ទេយ្យវត្ថុដែលបានប្រគេននាពេលនេះ រួមមាន ៖ អង្ករ ស្ករស ទឹកសុទ្ធ ទឹកក្រូច មី ទឹកដោះគោ ម៉ាស់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត អំបិល ផ្លែឈើ ថ្នាំពេទ្យ អាល់កុល រួមជាមួយនឹងការចាប់មគ្គផលក្នុងការចួលរួមបច្ច័យកសាង និងប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន ៤០អង្គ ប្រជាពលរដ្ឋ យាយជី តាជី កងកម្លាំង សរុបប្រមាណជាង ១០០អង្គ/នាក់ ផងដែរ ៕
ដោយ៖ សិលា