អន្តរជាតិ៖ បេីតាមការបញ្ជាក់ពីមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ បានអះអាងលើរបាយការណ៍ក្នុងកាសែតWall Street Journalថា៖ កងកម្លាំងប្រតិបត្តិការពិសេសអាម៉េរិក បានជួយបង្វឹកទាហានតៃវ៉ាន់ស្ងាត់ៗអស់រយៈពេលជាច្រើនខែមកហើយ ដែលទង្វើនេះមុខជាធ្វើឱ្យចិនខឹងពុំខាន។ មន្ត្រីរូបនេះ បាននិយាយបន្ថែមថា ទាហានមួយក្រុមមានគ្នា២០នាក់ បានធ្វើការបង្ហាត់អស់រយៈពេលជិតមួយឆ្នាំមកហើយ និងថាគ្រូបង្វឹកខ្លះបានដូរចេញនិងដូរចូលកោះតៃវ៉ាន់ថែមទៀត។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះខាងលេីនេះបានបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះ បាននិងកំពុងប្រព្រឹត្តទៅអស់ពេលជិត១ឆ្នាំមកហើយ ចំពេលចិនបង្កើនការគំរាមដោយពាក្យសម្តីប្រឆាំងអាមេរិកដែលជាសម្ពន្ធមិត្តរបស់កោះសេរីនិយមនេះ។
ដោយឡែកជុំវិញបញ្ហានេះដែរ ក្រសួងយោធាតៃវ៉ាន់ ទោះជាយ៉ាងណាបានបដិសេធមិនព្រមបញ្ជាក់ថារបាយការណ៍នេះពិតឬមិនពិតនោះទេ។
ប៉ុន្តែលោក ចន សាប់ភើល អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយថា “និយាយជាទូទៅ ការគាំទ្ររបស់អាមេរិកចំពោះយោធាតៃវ៉ាន់ត្រូវបានវាស់ដោយតម្រូវការការពារខ្លួនរបស់កោះនេះ”។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិករូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការគាំទ្ររបស់យើងសម្រាប់ទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់គឺសម្រាប់ប្រឆាំងការគំរាមបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិន។ យើងទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពការសន្យារបស់ខ្លួនថានឹងដោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នាកាត់ច្រកសមុទ្រតៃវ៉ាន់»។
សូមជម្រាបថា អាមេរិកផ្គត់ផ្គង់សព្វាវុធដល់កោះតៃវ៉ាន់ រួមមាន៖កាំជ្រួចសម្រាប់ការពារខ្លួននិងយន្តហោះប្រយុទ្ធ ចំពេលដែលចិនគំរាមចាប់យកកោះនេះទាំងបង្ខំ និងបញ្ចូលវាជាមួយមហាចិនដីគោកវិញ។អាមេរិកក៏សន្យាការពារតៃវ៉ាន់ ដែលចិនគិតថាជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន។
គួរបញ្ជាក់ថា កងកម្លាំងចិនបានបង្កើនសកម្មភាពរបស់ខ្លួនមកជិតៗកោះតៃវ៉ាន់នៅរយៈពេល១ឆ្នាំមកនេះ ដោយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ យោធាតៃវ៉ាន់បង្ខំចិត្តបញ្ចេញយន្តហោះប្រដេញទៅព្រមានយន្តហោះចិន៥៦គ្រឿងដែលហោះកាត់ក្នុងអ្វីដែលតៃវ៉ាន់អះអាងថាដែនអាកាសរបស់ខ្លួនផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ AP ចិន រយៈពេលតែមួយសប្តាហ៍បានបញ្ជូនយន្តហោះ ជាង ២០០ គ្រឿង ចូល ក្នង អ្វីដែលតៃវ៉ាន់ អះអាងថា ជា តំបន់ ការពារ ដែល អាកាស របស់ខ្លួន