ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីសុខាភិបាលថៃ៖ អ្នកជំងឺកូវីដ​-១៩​ នៅតែបន្ត​ស្លាប់ជាង១០០នាក់, ខណៈ​រកឃើញអ្នកឆ្លងថ្មី​ៗជាងមួយម៉ឺននាក់ដដែល

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ ដែលបានដកស្រង់ការចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១នេះថា៖​ គិតត្រឹម​រយៈពេល​២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​មូលដ្ឋាន​បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ខណៈ​ដែលអ្នកជំងឺកូវីដ​-១៩​ ចំនួន ១១៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។

ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន១១,០៦៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៧២ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន៩,៩៣៣នាក់ផ្សេងទៀត ក្រោយព្យាបាលជាសះស្បើយ​ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេស​ថៃ​ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ៥៧.៥៩លានដូស ក្នុងនោះប្រជាជន ២២.១លាននាក់ (ជាង ៣១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ ចំណែក​ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ​ ​រហូតមកទល់ពេលនេះ បានកត់ត្រាសរុបមានចំនួន ១,៦៨៩,៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,៥៣៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៥៦១,៧៩០នាក់៕

ដោយ៖ស​ តារា​(រូបភាព៖ឯកសារ​ Reuters)


ចែករំលែក៖