ខេត្តបន្ទាយមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក-ឃុំ បានចុះពិនិត្យមើលផលប៉ះពាល់ផ្លូវថ្នល់ ស្រូវប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី ក្រោយទឹកស្រក។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី បានឱ្យដឹងថា បងប្អូនប្រជាកសិករបានកំពុងចាប់ផ្តើមធ្វើការបង្កបង្កើនផលឡើងវិញក្រោយរដូវទឹកសម្រកនេះ និងស្រែស្រូវខ្លះមានដើមដងល្អ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព លើផ្លូវវាងក្រុងសិរីសោភ័ណ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ដែលរស់នៅលើទីទួលសុវត្ថិភាពទាំងអស់គ្នា ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ក្រោយពីគ្មានភ្លៀងក្នុងរយៈពេល១សប្តាហ៍មកនេះ ស្ថានភាពទឹកមានការស្រកចុះច្រើន មានសភាពធូរស្រាលទឹកបន្តហូរស្រុងទៅផ្នែកខាងក្រោម ទៅទន្លេសាប៕
ដោយ៖សហការី