ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំ​ ​៤គ្រឿង បុកតកន្ទុយគ្នានៅផ្លូវជាតិលេខ៤​ បណ្ដាលឱ្យស្លាប់អ្នកបើកបរម្នាក់គាបជាប់ក្នុងរថយន្ត និងបង្កការកកស្ទះចរាចរណ៍

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់គាបជាប់ក្នុងរថយន្ត ខណៈ​រថយន្តធំ​ចំនួន​ ៤គ្រឿង​បានបេីកបុកតកន្ទុយគ្នា​ នៅលេីកំណាត់ផ្លូវជាតិលេខ៤។ 

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​​នៅវេលា​ម៉ោង​ ០៤​ និង៣០នាទីទៀបភ្លឺថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ២០២១​​ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ខេត្ត​កំពង់​ស្ពឺ​។

បេី​តាមមន្ត្រីនគរបាលជំនាញ ស្រុកភ្នំស្រួច បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តធុនធំចំនួន  ៣ គ្រឿង បើកបរបន្តគ្នា ។ រថយន្ត ម៉ាក Sterling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D0716 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A8954  អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូត ទៅខាងឆ្វេងដៃ ទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក FREIGHTER ពាក់ស្លាកលេខ ភ្នំពេញ 3A1278 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A1651 បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ទៅខាងលិច ។ ស្របពេលនោះ មានរថយន្តមួយគ្រឿង ម៉ាក HungHe ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ក,4823ភព3 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A7879 បើកបរពីទិសខាងកើតទៅខាងលិច អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានបើកមកបុក ពីក្រោយបន្តគ្នា បណ្តាលឲ្យអ្នកបើករថយន្ត HungHe ស្លាប់ គៀបជាប់ក្នុងកាប៊ីនរថយន្តតែម្តងទៅ។

ប្រភពដដែល​ បន្តថា​ ដោយ​មាន​ការ​ចង្អុល​ណែនាំ​ពីលោកឧត្តមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ បានក្រុម​ការងារ​ល្បាត​ត្រួតពិនិត្យ​ចល័ត​ផ្លូវ​ផ្លូវ​ជាតិលេខ៤​ បាននិង​កំពុង​ចុះជួយ​សម្រួល​ចរាចរណ៍​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ប៉ុន្តែ​អកុសល​ អ្នកបើកបររថយន្តម្នាក់​ បានស្លាប់គាបជាប់ក្នុងរថយន្ត និងបណ្តាលឱ្យមានការកកស្ទះដល់អ្នកធ្វេី​ដំណើរ​ផងដែរ​។ 

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ច​ជំនាញ​កំពុង​ជួយ​សម្រួល​ចរាចរណ៍​ និងធ្វើ​ការទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ​ ដេីម្បីមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ​៖សហការី​


ចែករំលែក៖