ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ញ៉ែម មរកត ទទួលបានគាំទ្រជាប្រធានសហព័ន្ធកីឡារាំកម្ពុជា អាណត្តិថ្មីទី៤ ឆ្នាំ២០២១-២០២៥

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយទឹសស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ និងប្រភពរូបភាពYuen_Punlue បានបញ្ជាក់អោយដឹងថា,លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជាអាណត្តិចាស់ ២០១៧-២០២១ត្រូវបានសមាជិកប្រតិបត្តិផ្តល់សេចក្តីទុកចិត្តគាំទ្រជូនលោកស្រី ដឹកនាំជាប្រធានបន្ត សម្រាប់អាណត្តិថ្មីទី៤ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ នេះបើយោងតាមការសម្រេចនៅក្នុងអង្គមហាសន្និបានសហព័ន្ធកីឡារាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

សូមបញ្ជាក់ថា, មហាសន្និបាតបានសម្រេចនូវសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីនេះ ដោយមានចំនួន ១៣រូប ក្នុងនោះ លោកស្រី ញ៉ែម មរកត ប្រធាន និងអមដោយអនុប្រធាន ៣រូប គឺលោក វ៉ាត់ ចំរើន លោកស្រី ម៉ក់ វណ្ណស៊ីថា និងលោកឧកញ៉ា ប៉ិច បូឡែន។ ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហិរញ្ញឹក និងសមាជិក៦រូបទៀត។

លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រោមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាមពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធកំពុងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់ទៀត។ ចាប់តាំងពីការបង្កើតសហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រនៅក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីសហព័ន្ធកីឡារាំពិភពលោក (WDSF) និងសហព័ន្ធរាំអាស៊ីផងដែរ។ ជាមួយនឹងការខិតខំជាបន្តបន្ទាប់នោះ សហព័ន្ធជំនាញមួយនេះបានជំរុញឲ្យមានការបង្កើតក្លិបបានចំនួន៥ នាពេលបច្ចុប្បន្ន ដោយមានកីឡាករ កីឡាការិនីប្រមាណ ៥០នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ៤នាក់ និងអន្តរជាតិម្នាក់។

ប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិថ្មី លោកស្រី ញ៉ែម មរកត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានកីឡាករ កីឡាការិនី រហូតដល់ចូលរួមប្រកួតប្រជែងមេដាយបានជាបន្តបន្ទាប់ពីលើឆាកអន្តរជាតិ។ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នាបានប្រឹងប្រែងអភិវឌ្ឍវិស័យកីឡារាំឲ្យទទួលបានការគាំទ្រ នាពេលនេះ។ យើងមិនមានធនធានច្រើនទេ ហើយក៏មិនមានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្តធ្វើការដោយមានឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍបន្ថែមទៀត»។

ជាមួយគ្នានោះ លោកស្រីក៏សម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំ CAMSOC ដែលផ្តល់ការគាំទ្រជានិច្ចចំពោះសហព័ន្ធរាំកម្ពុជា បន្តដំណើរការឆ្ពោះទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំនៃការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖