តំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ក្នុងប្រទេសឥណ្ឌូនេស៊ី គឺកោះបាលី នៅថ្ងៃទី១៤ខែតុលាបានសម្រេចបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសជាថ្មីឡើងវិញក្រោយរយៈពេល១៨ខែបានបិទដោយសារតែការឆ្លងរាលដាលកូវីដ-១៩។
ប៉ុន្តែការបើកទ្វារទេសចរណ៍នៅលើកោះបាលី ជួបឧបសគ្គដោយសារតែជើងហោះហើរអន្តរជាតិមិនទាន់ដំណើរការឡើងវិញ ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលស្នូលរបស់កោះបាលី ប៉ុន្តែគម្រោងបើកទ្វារកោះនេះមិនទាន់ដំណើរការរលូននៅឡើយទេ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៅមិនទាន់មានកាលវិភាគហោះហើរនៅឡើយទេ បើទោះបីបានសាកល្បងបើកទ្វារនាពេលកន្លងមកក្តី។
ការបិទទ្វារប្រទេសឥណ្ឌូនេស៊ីក្នុងពេលឆ្លងរាលដាលកូវីដ-១៩ ខ្លាំងបានធ្វើឲ្យកោះទេសចរណ៍មួយនេះរងការបំផ្លាញសេដ្ឋកិច្ចយ៉ាងខ្លាំង ។ សណ្ឋាគារត្រូវបិទទ្វារ ហាងលក់ទំនិញ ទីតាំងអាជីវកម្មត្រូវបិទដោយមិនមានអ្នកទេសចរមកកម្សាន្តនៅទីនេះ ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីមានបំណងបើកទ្វារវិស័យទេសចរណ៍នៅលើកោះបាលីឡើងវិញក្រោយរយៈពេលយ៉ាងយូរបានបិទទ្វារដោយសារតែឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន ។
កាលពីល្ងាចថ្ងៃទី១៣ខែតុលា ឥណ្ឌូនេស៊ីបានបញ្ជាក់ថា មានប្រទេសចំនួន១៩ គ្រប់លក្ខខណ្ឌចូលទៅកម្សាន្តនៅលើកោះបាលីក្នុងនោះមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងប្រទេសមួយចំនួនទៀតមកពីតំបន់អឺរ៉ុបនិង ឈូងសមុទ្រអារ៉ាប់ ។
ប្រទេសក្នុងតំបន់អាស៊ានជាច្រើនបានសម្រេចបើទ្វារទេសចរណ៍បន្តិចម្តងៗ តាមតំបន់សំខាន់ៗដែលមិនមានករណីឆ្លងកូវីដ-១៩ច្រើន ។ កន្លងមកប្រទេសថៃ សិង្ហបុរី ក៏បានបើកទ្វារដំណើរការវិស័យទេសចរណ៍របស់ខ្លួនផងដែរ ដោយសារតែការបើកវិស័យទេសចរណ៍ គឺវិស័យផ្សេងៗជាច្រើនទៀតក៏នឹងរស់ឡើងវិញផងដែរ ក្នុងនោះមានអាកាសចរណ៍ និង ការលក់ដូរ សណ្ឋាគារ ភោជនីយដ្ឋានជាដើម៕ ដោយ៖ធីរីណា
រូបថត៖Reuters