ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស៥០នាក់ក្នុងគ្រោះអគ្គិភ័យទ្រង់ទ្រាយធំនៅកោះតៃវ៉ាន់(មានវីដេអូ)

ចែករំលែក៖

នៅថ្ងៃទី១៤ខែតុលា មានគ្រោះអគ្គិភ័យឆាបឆេះអគារខុនដូទំនើបនៅកោះតៃវ៉ាន់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៤៤នាក់រងរបួស ។
សារព័ត៌មាន Focus របស់កោះតៃវ៉ាន់ បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះអគារខុនដូកម្ពស់១៣ជាន់ នៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់។
តាមព័ត៌មានជាបឋម អណ្តាតភ្លើងបានឆាបឆេះចេញពីជាន់ទីមួយនៃអគារ ក្រោយមកក៏បានឆេះរាលដាលទៅកាន់ជាន់ផ្សេងៗទៀតក្នុងអគារ។ តាមប្រភពព័ត៌មានឱ្យដឹងថា ចាប់តាំងពីជាន់ទី៧ដល់ជាន់ទី១១គឺជាបន្ទប់ជួលសម្រាប់គ្រួសារមានចំណូលទាប។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្សជាង១០០នាក់រស់នៅក្នុងអគារខុនដូខាងលើក្នុងពេលមានភ្លើងឆាបឆេះ ក្នុងនោះមានមនុស្សវ័យចំណាស់ជាច្រើន ។ ក្រុមជួយសង្គ្រោះបានជួយមនុស្ស២២នាក់ចេញពីភ្នក់ភ្លើងដោយសុវត្ថិភាព។
នៅពេលនេះមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆាបឆេះនៅឡើយទេ។ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវ ។ អ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ ដោយសារតែនៅមានអ្នករងរបួសជាច្រើននាក់កំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ៕

ដោយ៖ធីរីណា(ប្រភពរូបថត៖Taiwan Times)


ចែករំលែក៖