ភ្នំពេញ៖ បើយោងតាមប្រភពនិងរូបភាពរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងការបង្ហោះលើផេក(Cambodia SEA GAMES 2023) ក្នុងទិសស្លោកយើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាពSPORTS LIVE IN PEACE បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា កីឡាករជម្រើសជាតិកម្ពុជា៦រូបត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន គឺមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី។
បច្ចុប្បន្នកីឡាករកម្ពុជាទាំង៦រូបកំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយដែលរៀបចំដោយក្រសួងសុខាភិបាលប្រទេសបារ៉ែន។ រីឯកីឡាករ និងក្រុមការងារក្រុមជម្រើសជាតិកម្ពុជាផ្សេងទៀតមិនមានបញ្ហាអ្វីនោះទេ បន្ទាប់ពីធ្វើតេស្ដ PCR ហើយពួកគេនឹងត្រូវចាកចេញពីបារ៉ែននាល្ងាចនេះ លើកលែងតែកីឡាករវិជ្ជមានកូវីដ-១៩ ដែលត្រូវសម្រាកព្យាបាលនៅប្រទេសបារ៉ែន រហូតដល់ជាសះស្បើយ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
គួរបញ្ជាក់ថា ការឆ្លងជំងឺរាតត្បាតជាសកលរបស់កីឡាករជម្រើសជាតិខាងលើ កើតមានឡើងអំឡុងពេលក្រុមគោព្រៃកម្ពុជា ធ្វើការប្រកួតជម្រុះ Play-Off ជាមួយកោះហ្គាំ ដោយបានយកឈ្នះទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023៕
ដោយ ៖ សិលា