ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ទាំងថ្ងៃបណ្ដាលឲ្យដួលម៉ូតូ បែកមុខរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូ តែមិនបានសម្រេច បណ្ដាលឲ្យស្រ្តីរងគ្រោះដួលម៉ូតូបោកក្បាលរងរបួសបែកមុខយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងសង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ ឃុន ភី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន និងការស្នាក់នៅស្រ្តីរងគ្រោះមិនចាំដោយសាររងរបួសត្រង់ក្បាលធ្ងន់ធ្ងរខ្លាំងពេក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូ ម៉ាកwave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២ម៉ូតូមានគ្នា៤នាក់ធ្វើដំណើរស្របទិសគ្នាមកធ្វើសកម្មភាពឆក់យកកាបូបរបស់ស្រ្តីរងគ្រោះតែមិនបានសម្រេច (មិនដាច់ខ្សែកាបូប) បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួល ធ្វើឲ្យស្រ្តីរងគ្រោះរបួសធ្ងន់ធ្ងរបែកមុខ។

  តាមបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ករណីបែបនេះកើតឡើងជាញឹកញាប់ ណាស់ ប៉ុន្តែសមត្ថកិច្ចខណ្ឌទួលគោក ដែលមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកមិនដែលធ្វើការស្រាវជ្រាវ ឬបង្ក្រាបបានម្ដងណាឡើយ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖