នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយឃ្លីបវីដេអូ ស្តីពីការសម្តែងសមត្ថភាពដ៏អស្ចារ្យរបស់កម្លាំងទាហានកូរ៉េខាងជើង នៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនិងសម្ភារយោធានៅក្នុងប្រទេសនេះ ។
សារព័ត៌មានជាតិកូរ៉េខាងជើង KNCN បានផ្សព្វផ្សាយរូបភាពវីដេអូ បង្ហាញឱ្យឃើញថា កម្លាំងទាហានកូរ៉េខាងជើងបានសម្តែងក្បាច់គុនកំពូលរបស់ខ្លួនឱ្យមេដឹកនាំគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួររដ្ឋាភិបាលទស្សនា។ ការសម្តែងខាងលើកើតឡើងក្នុងពេលដែលមេដឹកនាំគីម ជុងអ៊ុនទៅទស្សនាការតាំងពិព័រណ៍សព្វាវុធ ។
តាមរូបភាពបង្ហាញឱ្យឃើញថា កម្លាំងទាហានកូរ៉េខាងជើងដោះអាវដេកលើអំបែងកែវ ចំណែកទាហានពីរនាក់ផ្សេងទៀតយកផ្ទាំងថ្មដាក់ពីលើហើយយកញញួរវាយប្រហារបែកខ្ទេច រីឯរាងកាយទាហានមិនមានអ្វីគ្រោះថ្នាក់នោះឡើយ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានទះដៃអបអរសាទរដល់ការសម្តែងរបស់កម្លាំងទាហាន ដោយលោកបង្ហាញការពេញចិត្តយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ទាហាន ក្នុងគោលដៅការពារជាតិទប់ស្កាត់សត្រូវវាយប្រហារ៕
ដោយ៖ធីរីណា(រូបថត៖Reuters)