ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារ អនុសាខាស្រុកព្រៃនប់ មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅបរិវេណវត្តអូរជ្រៅ នឹងវត្តមុន្នីសាលព្រឹក បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅក្នុង ឃុំអូរជ្រៅ ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនជូនព្រះសង្ឃវត្តចំនួន ០២ គឺ វត្តអូរជ្រៅ នឹងវត្តមុន្នីសាលព្រឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នាឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ មួយវិញទៀត លោកប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះសូមទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍។
ជាមួយគ្នានោះ លោកប្រធានបានសុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះ លោកប្រធានបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ៖
*៣ការពារ
១.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ
*៣កុំ
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ដោយឡែកអំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ អាវ ១កញ្ចប់ ខោ២ ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥ម៉ឺនរៀល ។ រីឯទេយ្យទានជាគ្រឿងឧបភោគបរិភោគដែលបានប្រគេនជូនក្នុងមួយវត្តចំនួន ០២រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២យួរ មី ២កេស ម៉ាស់ ២ប្រអប់ និងបច្ឆ័យចំនួន ១លានរៀល៕
ដោយ៖សហការី