នៅថ្ងៃទី១៥ខែតុលា រដ្ឋាភិបាលរដ្ឋ NSW ប្រទេសអូស្ត្រាលី បានប្រកាសការសម្រេចបើកព្រំដែនរដ្ឋនេះ ក្នុងនោះមានទីក្រុងស៊ីដនីចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១តទៅ។ មិនតែប៉ុណ្ណោះរដ្ឋនេះបានសម្រេចលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់។
លោក Dominic Parrattet អភិបាលរដ្ឋ NSW បានប្រកាសឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋនេះបានធ្វើការជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីផ្តល់លក្ខខណ្ឌងាយស្រួលក្នុងការធ្វើដំណើរ។ លោកបន្តទៀតថា ចាប់ពីខែវិច្ឆិកា ពលរដ្ឋដែលចង់ទៅអូស្ត្រាលី ឬអ្នកទេសចរចង់មកកម្សាន្តនៅប្រទេសនេះ មិនចាំបាច់ធ្វើចត្តាឡីស័កនៅសណ្ឋាគារឬក្នុងផ្ទះនោះឡើយ។ ប៉ុន្តែដើម្បីបានចូលមកកាន់រដ្ឋ NSW គឺត្រូវធានាថាបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស និងធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ ប្រភេទវ៉ាក់សាំងដែលអូស្ត្រាលីទទួលស្គាល់នោះគឺ AstraZeneca, Pfizer, Moderna, Johnson & Johnson, Coronavac និង Covidshield។ ក្រៅពីលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរួចរាល់គឺត្រូវធ្វើតេស្ត PCR អវិជ្ជមានទៀតទើបអាចចូលទៅកាន់ប្រទេសអូស្ត្រាលីបាន។
ចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង ពេលចូលទៅកាន់ប្រទេសអូស្ត្រាលីគឺត្រូវគោរពតាមលក្ខខណ្ឌ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយអនុញ្ញាតឲ្យចូលអូស្ត្រាលីតែ ២១០នាក់ប៉ុណ្ណោះក្នុងរយៈពេល មួយសប្តាហ៍។
ក្រៅពីនេះរដ្ឋាភិបាលអូស្ត្រាលីបានលុបចោលច្បាប់រឹតត្បិតជាច្រើន ដោយអនុញ្ញាតឲ្យពលរដ្ឋអាចធ្វើដំណើរបានទៅកាន់តំបន់ជនបទ ។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យមានពិធីជប់លៀង រៀបការ បុណ្យសព ដោយមិនមានកំណត់ចំនួនមនុស្សចូលរួមឡើយ៕ ដោយ៖ធីរីណា
ប្រភព៖JAMES BRICKWOOD
រូបថត៖TTXVN.VN