ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆេះខុនដូនៅកោះតៃវ៉ាន់ អ្នកស្លាប់កើនឡើងដល់៤៦នាក់ ឯមូលហេតុមិនទាន់ដឹងនៅឡើយទេ

ចែករំលែក៖

គ្រោះអគ្គិភ័យដែលឆាបឆេះខុនដូជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅកោះតៃវ៉ាន់នោះ មកដល់ពេលនេះបានសម្លាប់មនុស្សកើនឡើងដល់ទៅ៤៦នាក់ហើយបើគិតត្រឹមថ្ងៃទី១៥ខែតុលា ដោយនៅមានអ្នករបួសធ្ងន់ជាច្រើននាក់ទៀត ហើយអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ថែមទៀត។

ពលរដ្ឋកោះតៃវ៉ាន់បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពីមានហេតុការណ៍អាក្រក់ខាងលើកើតឡើង ។ ការឆាបឆេះកើតឡើងនៅទីក្រុងកៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំផុតសម្រាប់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះមិនទាន់មានគ្រោះអគ្គិភ័យដ៏ធំបែបនេះនៅឡើយទេ។
គ្រោះអគ្គិភ័យនេះ បង្កក្តីព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពនៅកោះតៃវ៉ាន់ ហើយបានលាតត្រដាងពីស្ថានភាពរស់នៅតោកយ៉ាករបស់មនុស្សចាស់ជាច្រើន នៅក្នុងសង្គមតៃវ៉ាន់។ អគារដែលបានឆាបឆេះនេះ គឺស្ថិតនៅក្នុងស្ថានភាពចាស់ទ្រុឌទ្រោម ហើយអ្នកដែលបានស្លាប់ភាគច្រើន គឺជាកម្មករនិងមនុស្សចាស់ដែលមានប្រាក់ចំណូលទាប ហើយអ្នកខ្លះមានពិការភាព និងមានស្មារតីវង្វេងវង្វាន់ទៀតផង។
បើតាមក្រុមមន្រ្តីអគ្គិភ័យកោះតៃវ៉ាន់បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ គឺដោយសារតែជាន់ពាណិជ្ជកម្ម ៥ជាន់ដែលនៅផ្នែកខាងក្រោម ពោរពេញទៅដោយកម្ទេចកម្ទី និងរបស់របរបោះចោល ដែលបង្កើតជាផ្សែងយ៉ាងច្រើន ដែលបន្ទាប់មកក៏បានឆាបឆេះជាន់អាផាតមិនស្នាក់នៅខាងលើតែម្តង។
គ្រោះអគ្គិភ័យនេះ បានឆាបឆេះនៅវេលាយប់រំលងអធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅអគារស្នាក់នៅមួយដែលមានកម្ពស់១៣ជាន់ និងមានអាយុកាល៤០ឆ្នាំមកហើយស្ថិតនៅក្នុងសង្កាត់យ៉ានឆេង (Yancheng) ទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ហើយត្រូវបានពន្លត់ទៅវិញនៅវេលាព្រឹកព្រលឹមថ្ងៃដដែល៕ ដោយ៖ធីរីណា

រូបថត៖CNN


ចែករំលែក៖