ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានចាប់បញ្ជូនស្ត្រីក្លាហានម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើស «ក្លែងលិខិតសាធារណៈ និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ។
ជនត្រូបចោទដែលត្រូវចាប់ខ្លួនឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅប៊្រីវ័នផាត ផ្ទះលេខ D16 ផ្លូវលេខ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ការឃាត់ខ្លួនលោកស្រី សុង លីហ៊ួ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមសេុីបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៣តុលា ឆ្នាំ២០២១ ។
តាមដីកាសន្និដ្ឋានឱ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង ៣០៤៥ អ យឈ ចុះថ្ងៃទី ២៣កញ្ញា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ បណ្ឌិត ធានមុឺន ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបទក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា ២៣១ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២១ ។ហេតុដូច្នេះហើយទើបតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សុង លីហ៊ួ មកនៅចំពោះមុខចៅក្រមស៊ើបសួរដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ រ៉ារ៉ា