(តពីលេខមុន)…
# នៅរដូវអស់ភ្លៀង :
ចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជទៅ ថ្ងៃពេញបរមីខែកត្តិក អ្នកស្រុកនាំគ្នាធ្វើកឋិន និងនិមន្តព្រះសង្ឃឆាន់តាមបឹង។
បុណ្យកឋិនជាបុណ្យពុទ្ធានុញ្ញាតមួយ ព្រោះព្រះសង្ឃមានស្បង់ចីពរមិនស្អាត ដោយប្រឡាក់ភក់ទទឹកទឹកភ្លៀងនៅពេលដែលលោកនិមន្តបិណ្ឌបាត្រនៅរដូវចេញវស្សា ទើបព្រះពុទ្ធទ្រង់អនុញ្ញាតឲ្យព្រះសង្ឃទទួលត្រៃចីវរអំពីទាយកទាយិកាដែលស្ម័គ្រចិត្តវេរប្រគេន។
ហេតុនេះទើបនៅក្នុងបុណ្យកឋិន មានត្រៃចីវរជាប្រធានលើគ្រឿងបរិក្ខារឯទៀតទាំងអស់ មានបាត្រ គ្រែ កន្ទេល ខ្នើយ មុងចាន និងប្រដាប់សម្រាប់ព្រះសង្ឃប្រើប្រាស់ជាដើម។
បុគ្គលិកក្រសួងណាមួយ ឬក្រុមគ្រួសារណាមួយ អាចនាំគ្នាប្រមូលប្រាក់កាសដើម្បីហែអង្គកឋិន គឺចូលវត្តណាមួយតាមដែលខ្លួនស្ម័គ្រ ហើយបានទាក់ទងទូលលោកទុកជាមុន កុំឱ្យលោកទទួលគេទៀត។ វត្តនីមួយៗ មានអំណាចទទួលបានតែកឋិនមួយទេក្នុងមួយឆ្នាំ។ ធម្មតាគេច្រើនជ្រើសរើសរកតែវត្តណាដែលខ្សត់ខ្សោយជាងគេ។
មុនថ្ងៃចូលបុណ្យកឋិនមួយថ្ងៃ គេរៀបរណ្ដាប់កឋិនដាក់ក្នុងសង្ឃឹកមួយ រួចគេដង្ហែចាប់ដៃអ្នកស្រុក អ្នកភូមិ ដោយមានភ្លេងនាំមុខមានផ្តឹលមួយដាក់កណ្ដាលរណ្ដាប់ទាំងនោះសម្រាប់ទទួលប្រាក់ដែលអ្នកមានសទ្ធាចូលចាប់ជាកុសលផង។ ក្រោយពីនោះមកគេនាំយកសង្ឃឹក មកដាក់នៅទីប្រជុំរៀបនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ជួនកាលមានលេងភ្លេងល្ខោន និងរាំច្រៀងកំដរបុណ្យឲ្យបានឧឡារិកផង ។
ព្រឹកស្អែកឡើង ពួកភ្ញៀវ និងក្រុមគ្រួសារអ្នកផ្តើមបុណ្យ នាំគ្នាទៅប្រជុំនៅកន្លែងតាមដែលបានកំណត់ក្នុងកម្មវិធីបុណ្យដើម្បីចេញដំណើរឆ្ពោះទៅកាន់ទីវត្ត។ អ្នកទៅបុណ្យកឋិនស្លៀកពាក់សំពត់អាវយ៉ាងល្អៗ ឯរថយន្តគេតុបតែងដោយផ្កាក្រដាសនិងដោតទង់សាសនាជាសម្គាល់។ អ្នកស្រុកស្រែដែលអ្នកស្រុកពុំសូវសម្បូរប្រាក់កាស គេនាំគ្នាធ្វើដំណើរនាំអង្គកឋិនដោយរ៉ឺម៉កជិះកាត់វាលស្រែ មើលទៅឃើញឆ័ត្រនិងសំលៀកបំពាក់ពណ៌ស្រស់ញញឹមកណ្ដាលស្រែពណ៌បៃតងស្រងាត់គួរសប្បាយណាស់។
ទៅដល់វត្ត អ្នកស្រុកហែកឋិនប្រទក្សិណព្រះវិហារ ៣ ជុំដោយមានក្រុមភ្លេងឆៃយ៉ាំដែលគេតែងនិយមយកមកលេងក្នុងពេលបុណ្យហែយោងមុខ។ ឆៃយ៉ាំជាភ្លេងមួយបែប មានស្គរវែងពាក្យដោយស្បែកពស់ថ្លាន់ហើយមានជីបកំណាត់ពណ៌ស្រស់ស្រស់ជារំភាយដាក់ជុំវិញមាត់ស្គរ។ ពេលលេងអ្នកភ្លេងយកស្គរនោះមកស្ពាយដាក់ចំហៀងខ្លួនទំនឹងដៃតាមចង្វាក់ភ្លេងបណ្ដើរ ច្រៀងបណ្ដើរឡកបណ្ដើរ។ ភ្លេងឆៃយ៉ាំមានលក្ខណ:កំប្លែងរស់រវើកហាក់ដូចជាគ្រលុកចិត្តមនុស្សឲ្យកម្រើកតាម។
ហែប្រទក្សិណគ្រប់៣ជុំហើយក្បួនហែចូលទៅក្នុងព្រះវិហារដែលមានព្រះសង្ឃគង់ចាំនៅទីនោះស្រាប់។ ឯសង្ឃឹកនិងគ្រឿងបរិក្ខារទាំងអស់ គេរៀបចំពោះព្រះភ័ក្រ្តព្រះសង្ឃ។ ទាយក ទាយិកានាំគ្នា នមស្សកាព្រះរតនត្រ័យ រួចអារាធនាសីល។បន្ទាប់មកអាចារ្យរៀបវេរអង្គកឋិនព្រមទាំងគ្រឿងបរិក្ខារជាបរិវារកឋិនប្រគេនព្រះសង្ឃ។ ព្រះសង្ឃទទួលហើយក៏ធ្វើកិច្ចបង្វែរប្រគេនចំពោះភិក្ខុសង្ឃមួយអង្គដែលចេះដឹងយល់ច្បាស់ក្នុងកិច្ចក្រាលគ្រងកឋិនទានឲ្យទទួលបំពេញកិច្ចនោះតាមច្បាប់វិន័យទៅ។ រួចកិច្ចនេះហើយ ព្រះសង្ឃអនុមោទនាឲ្យពរជ័យដល់អ្នកមានសទ្ធាទាំងឡាយដែលបានមកជួបជុំក្នុងទីនោះ។
ក្រោយពីនោះមក គេប្រគេនចង្ហាន់ដល់ព្រះសង្ឃ រួចអ្នកស្រុកអញ្ជើញភ្ញៀវបរិភោគអាហារតាមតុដែលរៀបចំទទួលយ៉ាងហ្មត់ចត់។ អ្នកទៅលេងបុណ្យកឋិន ច្រើននៅលេងអស់ចិត្តទើបត្រឡប់មកផ្ទះវិញ។ ព្រោះក្នុងឆ្នាំនីមួយៗបុណ្យកឋិនជាបុណ្យសប្បាយជាងគេ។ ដល់ពេលល្ងាចឬយប់ដែលរថយន្តបុណ្យត្រឡប់មកវិញ គេឮសូរតែមាត់ក្មេងហ៊ោរកញ្ច្រៀវទះស្គរច្រៀងយ៉ាងសប្បាយ។ នៅជាមួយគ្នានិងរដូវកឋិននេះ នៅស្រុកណាដែលលិចដោយទឹកដំឡើង និងសំបូរទៅដោយចង្កោមផ្កាស្នោពណ៌លឿងខ្ចីដុះផុតពីទឹកមានទំនៀមនិមន្តព្រះសង្ឃឆាន់តាមបឹង។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត