ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្រ្តីពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្រ្តីពន្ធនាគារ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ;​លោករដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតនៃក្រសួងមហាផ្ទៃ។ 

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពិនិត្យពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួនដែលជាសំណូមពររបស់អគ្គនាយកដ្ឋានពន្ធនាគារ។ 

គួររម្លឹកផងដែរថា​ កាលពី​ពេល​កន្លង​ទៅ​នេះ​ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ​ បានថ្លែងថា​៖ មន្ត្រីពន្ធនាគារនៅមានតិច ធ្វើឱ្យពិបាកគ្រប់គ្រងពន្ធនាគារ ខណៈអ្នកជាប់ឃុំនៅតែបន្តកើនឡើងជាលំដាប់។ កាលថ្លែងបែបនេះនៅក្នុងឱកាសអគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២​ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២​កន្លងទៅ​នេះ។ 

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារត្រូវបានដោះស្រាយជាជំហានៗ ទន្ទឹមនឹងនេះ កំណើនជនជាប់ឃុំ ក៏នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ សេចក្តីត្រូវការក្របខ័ណ្ឌមន្រ្តី ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មិនបានធ្វើការជ្រើសរើសបំពេញបន្ថែម ជាហេតុបណ្តាលឱ្យនៅមានគម្លាតខ្លាំង បើធៀបនឹងចំនួនជនជាប់ឃុំ និងពុំទាន់អាចឆ្លើយតបបានតាមបទដ្ឋានអប្បបរមា សម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងពន្ធនាគារ ប្រកបដោយសន្តិសុខសុវត្ថិភាព។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សរុបមានចំនួន ២.៩៨២នាក់ និងជនជាប់ឃុំសរុប មានចំនួន ៣៨.០៧០នាក់ ជាមធ្យមមន្ត្រីម្នាក់ត្រូវគ្រប់គ្រងជនជាប់ឃុំ ១៤នាក់ នៅពន្ធនាគារខ្លះរហូតដល់ជាង ២០នាក់»។

អគ្គនាយក​ពន្ធនាគាររូបនេះ​ បានថ្លែងបន្តថា​ សំណង់អគារឃុំមួយចំនួនមានសភាពចាស់ទ្រុឌទ្រោម និងថយចុះនៃគុណភាពសំណង់ កង្វះហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌមន្ត្រី រួមនឹងសម្ពាធការងាររបស់មន្ត្រីសន្តិសុខ បំពេញការងារលើសម៉ោងរដ្ឋបាលច្រើន ការបន្តអូសបន្លាយនៃជំងកូវីដ១៩ ដែលធ្វើឲ្យការងារពន្ធនាគារប្រមូលផ្តុំ យកចិត្តទុកដាក់លើបញ្ហាសុខភាពអនាម័យជនជាប់ឃុំ ស្ថានភាពនេះនៅតែជាក្តីកង្វល់សម្រាប់សន្តិសុខសុវត្ថិភាពពន្ធនាគារ និងបន្តបង្កផលប៉ះពាល់ដល់ដំណើរការងារដទៃទៀត ជាអាទិ៍ ការអនុវត្តកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម ពុំទាន់អនុវត្តបានទូលំទូលាយ សមស្របតាមផែនការសកម្មភាព និងកម្មវិធីការងារដែលបានគ្រោងទុក។

បន្ថែមពីនេះ​ លោក ឆែម សាវុធ បានសង្កត់ធ្ងន់ថា​៖ ចំពោះ​ការងារពន្ធនាគារមានការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលជាការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន ពោលគឺគ្រប់គ្រងជនជាប់ឃុំ ធានាបានសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ ស្របតាមគោលការណ៍ និងវិធានអង្គការសហប្រជាជាតិ ដែលមានគោលដៅជាសារវន្តផ្តោតលើការងារអប់រំកែប្រែស្តារនីតសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការធ្វើសមាហរណកម្មជនជាប់ឃុំ។

លោក​ ឆែម​ សាវុធ​ បានគូសបញ្ជាក់បន្ថែមថា៖ នៅឆ្នាំ២០២១កន្លងទៅ តាមរយៈការត្រួតពិនិត្យតាមដានការអនុវត្តការងារជាក់ស្តែងជាប្រចាំ និងលទ្ធផលការងារតាមដំណាក់កាលនីមួយៗ លោកបានកត់សម្គាល់ចំពោះសមិទ្ធិផលរួម ជាទូទៅការប្រព្រឹត្តទៅនៃគ្រប់សកម្មភាពការងាររបស់អគ្គនាយកដ្ឋាន និងបណ្តាអង្គភាពចំណុះ បានអនុវត្តត្រឹមត្រូវតាមច្បាប់នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា ធានាការពារបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមពន្ធនាគារបានល្អ ការងារជំនាញ ការកសាងលើកកម្ពស់សមត្ថភាពស្ថាប័នសមត្ថភាពមន្ត្រី ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចនៅគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវបានពង្រឹង និងមានភាពប្រសើរឡើងជាលំដាប់ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖