ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគជប៉ុន បានជួយសេដ្ឋកិច្ច ពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ ដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣-២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុន នៅទីស្តីការក្រសួងការងារ។ 

លោកបណ្ឌិត អ៉ិត សំហេង សម្តែងការរីករាយដែលបានជួបជាមួយខាងសមាគមជប៉ុនកម្ពុជា(JC A)  ដែលជាឱកាសមួយក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន លោកសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។ លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា នៅក្នុងដំណើរបំពេញទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន តាមរយៈជំនួបកំពូលរបស់ថ្នាក់ដឹកនាំ កាន់តែពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។ 

លោករដ្ឋមន្ត្រី ជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើន ពីព្រោះ នៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ ទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន រឺក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

លើវិស័យការងារ លោកបណ្ឌិត អ៉ិត សំហេង អះអាងថា កម្ពុជាមានកិច្ចសហប្រតិបត្តិសម្រាប់កម្មសិក្សាការី និងពលករជំនាញ ចេញទៅធ្វើការនៅជប៉ុន និងដោយសារទីផ្សារនៅជប៉ុន ផ្តល់នូវប្រាក់កម្លាំងពលកម្មខ្ពស់ ដែលអាចទាក់ទាញពលករពីក្រៅប្រទេសនានា។  ម្យ៉ាងទៀត ពលករដែលបានបម្រើការនៅទីនោះ ទទួលបាននូវការអាណិតស្រលាញ់រាប់អាន ពីអ្នករួមការងារ និងថៅកែរបស់ពួកគេផងដែរ។ 

លោក Fumiaki Takahashi បានជម្រាបជូន លោករដ្ឋមន្ត្រីថា នៅក្នុងឆ្នាំ២០១៩ ខាងសមាគមរបស់លោកក៏ធ្លាប់បានដឹកនាំអ្នកវិនិយោគជប៉ុន មកសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាម្តងហើយដែរ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដ-១៩ ធ្វើឲ្យរំខាននូវដំណើរការចង្វាក់ផលិតកម្ម និងវិនិយោគ ទើបខាងសមាគមខកខានមិនបានមកកាន់កម្ពុជា។ លោកមើលឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់ ប្រទេសកម្ពុជា បានទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោកក៏រីករាយដែលបានជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឱកាសវិនិយោគនៅកម្ពុជាផងដែរ។ 

លោករដ្ឋមន្ត្រី កត់សម្គាល់ឃើញថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង មានច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ។ មកដល់បច្ចុប្បន្ន បរិយាកាស និងឱកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយមកកម្ពុជា ក្នុងវិស័យសុខាភិបាល ដោយផ្តល់នូវជំនួយវ៉ាក់សាំងមកដល់ពលរដ្ឋកម្ពុជា ព្រមទាំងវិស័យជាច្រើនទៀតដែលរាជរដ្ឋាភិបាលជប៉ុនបានជួយដល់កម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានជម្រាបទៅកាន់អ្នកវិនិយោគជប៉ុនថា កម្ពុជាបានរៀបចំនូវច្បាប់វិនិយោគថ្មី ដើម្បីជួយសម្រួលដល់បរិយាយកាសវិនិយោគនៅកម្ពុជាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖