ភ្នំពេញ ៖ បើយោងតាម អង្គភាព ទទួលបាន លិខិត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តពន្ធលើប្រាក់ចំណូលចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធ និងសាធារណជន ជ្រាបថា កន្លងមក រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន។ បន្ទាប់ពីមានការពន្យារខាងលើនេះ មានអ្នកជាប់ពន្ធមួយចំនួនបានយល់ច្រឡំថាជាការពន្យារពេលនៃ ការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណូលចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូលចំពោះចំណេញមូលធន ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមបញ្ជាក់ជូនអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ជ្រាបថា ការពន្យារកាលបរិច្ឆេទ កំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន មិនមានប្រសិទ្ធភាពអនុវត្តចំពោះការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ ចំណូលចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបាននិងកំពុងអនុវត្តនោះទេ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាននិង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួន ៕
ដោយ ៖ សុខ ខេមរា