ខេត្តកណ្ដាល ៖ ខណៈនេះ សមត្ថកិច្ចកំពុងស្វែងរាវរកក្មេងសិស្សសាលា២នាក់បាត់ខ្លួនដោយសារបាក់ស្រុតច្រាំងទន្លេ ដែលជាទីតាំងបូបខ្សាច់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ក្មេងរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ វណ្ណៈ ស៊ីមាន ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក,ទី២-ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ ខណៈដល់ម៉ោងចេញពីសាលារៀនវិញនៅល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ក្មេងស្រីរងគ្រោះទាំង២នាក់បាននាំគ្នាមកលេងមាត់ច្រាំងទន្លេ ដែលជាទីតាំងបូមខ្សាច់ តែជាអកុសលច្រាំងទន្លេនោះក៏បាក់ស្រុតធ្វើឲ្យក្មេងស្រីទាំង២នាក់បាត់ខ្លួនទៅតាមដីចូលទន្លេតែម្ដង។ភ្លាមៗនោះក៏បង្កឲ្យមានការផ្អើលឆោឡោ បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងរាវរកក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើនេះ៕
ដោយ៖ ស្អាង ជ័យ