ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួននារីម្នាក់យកទៅធ្វើការសាកសួរ ក្រោយសង្ស័យថានាងមានជម្លោះហើយចាក់សម្លាប់បងប្រុសរបស់ខ្លួន រួចក្រុមគ្រួសារព្យាយាមលាក់បាំងសមត្ថកិច្ចដោយប្រាប់ថា សពស្លាប់ដោយសារជំងឺ ហើយយកទៅកប់ក្នុងដី តែដោយសមត្ថកិច្ចដាក់ការសង្ស័យក៏ជីកផ្នូរយកសពមកធ្វើកោសល្យវិច័យឃើញថាស្លាប់ដោយសារយកវត្ថុស្រួចចាក់ចំនួន៨កន្លែងលើរាងកាយ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានមួយកន្លែងស្ថិត នៅក្នុងភូមិសង្កាត់ខាងលើមានបញ្ហាបងប្អូនឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើហិង្សា បណ្តាលឱ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នករងគ្រោះមានរបួសធ្ងន់ពេកទើបស្លាប់នៅមន្ទីរពេទ្យ។
លុះដល់ម៉ោង១០យប់ថ្ងៃដដែល សពត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ បានអះអាងថា កូនប្រុសរបស់ខ្លួនមានឈ្លោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្នលាងម៉ូតូ បានទទួលមរណភាពដោយសារជំងឺសួតរុាំរ៉ៃ អស់រយៈពេល១០ឆ្នាំមកហើយ។ សមត្ថកិច្ចបានបន្តថា ខ្លួនមិនអាចពិនិត្យសពបានទេ ប្រសិនបើគ្មានការដាក់ពាក្យបណ្តឹង។ លុះមកដល់ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែផ្ទុះនូវការសង្ស័យថា ករណីខាងលើអាចជាឃាតកម្ម ប្អូនស្រីខឹងបងប្រុសរបស់ខ្លួនក៏ទាញវត្ថុស្រួចចាក់ទៅលើជនរងគ្រោះឱ្យរបួសធ្ងន់ទើបបញ្ជូនទៅមន្ទីរពេទ្យ។
ការសង្ស័យនេះបានភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសពបានយកសពទៅបញ្ជុះដោយគ្មានលិខិតស្នាមដឹងឮដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ឈ្មោះ ម៉ាសត អាយុប្រមាណ៤០ឆ្នាំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ត។
បន្ទាប់ពីសមត្ថកិច្ចបានជីកផ្នូរយកសពមកខាងលើ ពេលធ្វើកោសល្យវិច័យឃើញថា សពបានរបួសដោយរបស់ស្រួចចាក់ចំ៨កន្លែងលើរាងកាយ ដែលបញ្ជាក់ថាសពស្លាប់ដោយសារករណីឃាតកម្ម។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យដែលជាប្អូនស្រីដើម្បីចាត់ការតាមនីតិវិធីច្បាប់បើសិនសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនជាអ្នកចាក់សម្លាប់ជនរងគ្រោះមែននោះ៕
ដោយ ៖ រ៉ារ៉ា